(ក្វាងស៊ី, ចិន)៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចជាច្រើនកន្លែងនៅក្នុងទីក្រុងណាននីង ក្រុងប៉ៃសឺ និងក្រុងលាងចូវ នៃតំបន់ស្វយ័តក្វាងស៊ី របស់ប្រទេសចិនអស់រយៈពេលប្រាំថ្ងៃកន្លងមកនេះ ក្រុមអ្នកព័ត៌មានរបស់កម្ពុជាមកពីស្ថាប័នចំនួន៨ផ្សេងៗគ្នា បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍដ៏រីកចម្រើនរបស់តំបន់ស្វយ័តក្វាងស៊ី បើទោះបីជាតំបន់ស្ថិតនៅឆ្ងាយពីរដ្ឋធានីប៉េកាំង និងជាតំបន់សម្បូរដោយជួរភ្នំក៏ដោយនោះ។

លោក ប្រុក សារាវុធ អ្នកព័ត៌មានមកពីវិទ្យុជាតិ ការមកកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចជាលើកទីពីរហើយសម្រាប់រូបលោក តែការ ធ្វើដំណើរមកកាន់តំបន់ស្វយ័តក្វាងស៊ី គឺជាលើកទី១សម្រាប់រូបលោក។ លោក សារាវុធ បានចាប់អារម្មណ៍ជាមួយសំណង់ខ្ពស់ៗដ៏ច្រូងច្រាង ដែលបង្ហាញពីការរីកចម្រើនដ៏ខ្លាំងក្លានៃតំបន់ស្វយ័តក្វាងស៊ី។

លោក សារាវុធ បានគូសបញ្ជាក់ថា តំបន់ស្វយ័តក្វាងស៊ី គឺជាតំបន់មួយដែលមានការអភិវឌ្ឍក្រោយគេ តែមានភាពជឿនលឿន ដោយ សារតែទឹកដីដែលមានសក្តានុពលច្រើនដូចជាកសិកម្ម ទេសចរណ៍ ដឹកជញ្ជូន ជាពិសេសគឺវិស័យឧស្សាហកម្ម...។

លោក ជា ឈាង អ្នកព័ត៌មានមកពីកាសែតរស្មីកម្ពុជា ដែលមានវ័យជាង ៦០ឆ្នាំទៅហើយ និងធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន បានកោតសរសើរដល់រដ្ឋាភិបាលចិន ដែលបានដាក់ចេញគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ស្វយ័តក្វាងស៊ីឲ្យទទួលបានការរីកចម្រើនយ៉ាងខ្លាំង។

លោក ជា ឈាង បានថ្លែងជាមួយភាពភ្ញាក់ផ្អើល និងមិននឹកស្ថានថា តំបន់ស្វយ័តក្វាងស៊ី មានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះឡើយ។ លោកព័ត៌មានជើងចាស់រូបនេះ ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជាការរស់នៅរបស់ប្រជាពល រដ្ឋចិនក្នុងតំបន់ស្វយ័តក្វាងស៊ីផងដែរ។

លោក ជា ឈាង មើលឃើញថា ពលរដ្ឋចិន បានគោរពនូវសណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ហើយចេះថែរក្សាបរិស្ថានបានយ៉ាងស្រស់ស្អាត។ ជាពិសេសតាមដងវិថីនានា មិនមានដី ឬសំរាមនោះឡើយ ដែលធ្វើញ៉ាំងឲ្យបរិយាកាសនៃការរស់នៅកាន់តែស្រស់បំព្រង។

លោ ឈាង ក៏បានកោតសរសើរចំពោះភាពមមាញឹក និងការប្រឹងប្រែងធ្វើការងាររបស់ប្រជាពលរដ្ឋចិន តាមរយៈសកម្មភាពដែលលោក បានឃើញដោយផ្ទាល់នៅក្នុងដំណើរទស្សនកិច្ចរបស់លោក។ អ្នកសារព័ត៌មានដែលមានភាពរួសរាយ និងចូលចិត្តនិយាយលេងសើចរូប នេះ ក៏ចាប់អារម្មណ៍ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន ក៏ដូចជាអាជ្ញាធរក្នុងតំបន់ស្វយ័តក្វាងស៊ី ដែលបានយកចិត្តទុកដាក់ក្នុងថែរក្សាវប្បធម៌ប្រពៃណីរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយ។

ការវាយតម្លៃបែបនេះ បន្ទាប់ពីរូបលោករួមនិងអ្នកព័ត៌មានកម្ពុជាដទៃទៀត បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលវប្បធម៌ដ៏ធំមួយនៅក្នុងទីក្រុងណាននីង។ ក្នុងមជ្ឈមណ្ឌលនេះ បានបង្ហាញពីទំនៀបទម្លាប់ វប្បធម៌ ប្រពៃណី នៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់ស្វយ័តក្វាងស៊ី ពីសម័យដើម។

លោក ជា ឈាង ចាត់ទុកមជ្ឈមណ្ឌលវប្បធម៌នេះ ជាការរួមចំណែកដ៏ធំសម្រាប់ឲ្យយុវជនជំនាន់ក្រោយក្នុងតំបន់ស្វយ័តក្វាងស៊ី នៅតែចងចាំពីអត្តសញ្ញាណនៃពលរដ្ឋជនជាតិដើមរបស់ពួកគេ។

ដោយឡែកលោក មាស សំអុល អនុប្រធាននាយកដ្ឋានទំនាក់ទំនងព័ត៌មានក្នុង និងក្រៅប្រទេស នៃទីភ្នាក់ងារព័ត៌មានជាតិ AKP បានមើលឃើញថា ភាពរីកចម្រើននៃតំបន់ស្វយ័តក្វាងស៊ី ក៏ព្រោះរដ្ឋាភិបាលចិន និងអាជ្ញាធរតំបន់ស្វយ័តក្វង់ស៊ី បានមើលឃើញយ៉ាងច្បាស់ ពីសក្តានុពលនៅក្នុងតំបន់នេះ។ ជាពិសេសក្វាងស៊ី ជាតំបន់ដែលមានអំណោយផលលើផ្នែកដឹកជញ្ជូនទាំងផ្លូវសមុទ្រ និងផ្លូវគោក ជាពិសេសជាតំបន់មានការតភ្ជាប់ជាមួយប្រទេសអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

អ្វីដែលធ្វើឲ្យខេត្តនេះកាន់តែរីកចម្រើនខ្លាំងថែមទៀតនោះ គឺរដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍតំបន់ស្វយ័តក្វាងស៊ី ហើយតែងតែគាំទ្រ និងលើកទឹកចិត្តរាល់គម្រោងអភិវឌ្ឍន៍។

ក្រៅពីការចាប់អារម្មណ៍ចំពោះភាពរីកចម្រើនរបស់តំបន់ស្វយ័តក្វាងស៊ីហើយនោះ អ្នកព័ត៌មានទាំង៣រូបនេះ បានសន្យាថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនឹងប្រឹងប្រែងចងក្រងអត្ថបទតាមអ្វីដែលពួកគាត់បានឃើញ និងទទួលបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋកម្ពុជា បានស្វែងយល់ ហើយក៏រំពឹងអត្ថបទនោះ ចូលរួមចំណែកសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលកំពុងស្រេកឃ្លានការអភិវឌ្ឍនេះចាំបាច់បំផុតនោះ។

សូមបញ្ជាក់ថា តំបន់ស្វយ័តក្វាងស៊ី មានផ្ទៃដីសរុបជិត ២៤ម៉ឺនគីឡូម៉ែត្រក្រឡា ចម្ងាយប្រមាណជា ២ពាន់គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំង។ តំបន់ស្វយ័តរបស់មានប្រជាពលរដ្ឋប្រមាណ ៥៥លាននាក់ ចំណូលក្នុងតំបន់នេះសរុបជិត ២០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ៗមានប្រមាណ ២ពាន់ដុល្លារអាមេរិក។

តំបន់ស្វយ័តក្វាងស៊ី មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ហើយក៏ជិតទៅនឹងប្រទេសកូរ៉េខាងត្បូង និងខាងជើង។ ជាតំបន់ជាប់សមុទ្រ ហើយក៏សម្បូរទៅដោយជួរភ្នំផងដែរ។ ក្រៅពីមានឧស្សាហកម្មជឿនលឿន សម្បូររោងចក្រើផលិតរថយន្ត ត្រាក់ទ័រ រថភ្លើងហើយនោះ តំបន់ស្វយ័តក្វាងស៊ី ក៏ជាតំបន់មានសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍ផងដែរ។ ដោយសារតំបន់ស្វយ័តក្វាងស៊ី មានផ្ទៃធំ ការធ្វើដំណើរពីទីក្រុងមួយទៅក្រុងមួយនៅក្នុងតំបន់ស្វយ័តនេះ ត្រូវធ្វើឡើងតាមរយៈរថភ្លើងដែលមានល្បឿនលឿន៕