(ព្រះវិហារ)៖ ដោយអនុវត្តន៍តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីវិធានការការពារយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋពីគ្រោះទឹកជំនន់, លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៧ បានជម្លៀសប្រជាពលរដ្ឋ៦១គ្រួសារ មកកាន់ទីទួលសុវត្ថិភាព​ ដោយសារកំរិតកម្ពស់ទឹកស្ទឹងសែន ខេត្តព្រះវិហារ ចេះតែបង្ក​ការហក់ឡើង ធ្វើឲ្យលិចលង់ផ្ទះសំបែងពលរដ្ឋ។

​អភិបាលខេត្ត បានឲ្យដឹងថា ពលរដ្ឋទាំង៦១គ្រួសារនេះ រស់នៅចំណុចអន្លង់វិល ភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយពួកគាត់រស់នៅតាមមាត់ស្ទឹងសែន ហើយពួកគាត់ភាគច្រើន គឺជាអ្នកនេសាទ។

លោក អ៊ុន ចាន់ដា បញ្ជាក់ថា ដោយសារកំរិតទឹកស្ទឹងសែនចេះតែបន្តហក់ឡើងឥតឈប់ឈរនោះ លោកបានណែនាំឲ្យអាជ្ញាធរក្រុងព្រះវិហារ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យគាត់ចាកចេញពីលំនៅដ្ឋាន មករស់នៅទីទួលសុវត្ថិភាពបណ្តោះអាសន្ន ការពារកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើង។

ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលបានមកកាន់ទីទួលសុវត្ថិភាព អភិបាលខេត្តព្រះវិហារ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ​សម្ដេចមានការព្រូយបារម្ភអំពីសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងនោះសម្តេចបានធ្វើការផ្តាំផ្ញើឲ្យអាជ្ញាធរ និងសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់ការពារសុវត្ថិភាពប្រជាពលរដ្ឋ កុំឲ្យរងគ្រោះថ្នាក់ដោយទឹកជំនន់។

ដូច្នេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនអាជ្ញាធរបានឲ្យបងប្អូន មកកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន ហើយលោកបានធ្វើការណែនាំឲ្យអាជ្ញាធរក្រុងព្រះវិហារ ត្រូវចាត់មន្ត្រីមកប្រចាំការ មើលការខុសត្រូវនៅទីនេះ ដើម្បីដោះស្រាយបញ្ហាចាំបាច់នានាជូនប្រជាពលរដ្ឋ។

បើតាមលោកអភិបាលខេត្ត លោកបានរាយការណីទៅ​ នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ដោយ​នាយឧត្តមសេនីយ៍ សន្យានឹងមកជួបសំណេះសំណាល​ ជាមួយប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ៕