(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាល នឹងមិនប្រលែងដៃនោះឡើយ ក្នុងការលុបបំបាត់ជំងឺអេដស៍ ១០០% ក្នុងឆ្នាំ២០៣០ នៅកម្ពុជា យើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ទោះពេលនេះ យើងជោគជ័យ ក្នុងការសម្រេចបាន ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោកក៏ដោយ ។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ UNAIDS ស្តីពី ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួងសុខាភិបាល ។
រដ្ឋមន្ដ្រីបានថ្លែងទៀតថា «ក្រោមការខិតខំប្រឹងប្រែង ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល រួមនឹងដៃគូ អភិវឌ្ឍន៍មួយចំនួន ក្នុងការរួមគ្នាប្រយុទ្ធ នឹងជំងឺអេដស៍ បានជោគជ័យកន្លងមកនេះ យើងនឹងបន្ដ សម្រេចឲ្យបានជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នេះ ក្នុងទិសដៅ «៩៥-៩៥-៩៥ នៅឆ្នាំ២០២០ និងឲ្យបាន១០០% ឬលុបបំបាត់ទាំងស្រុង នៅឆ្នាំ២០៣០ ដោយត្រូវការពារ និងមិនត្រូវភ្លេចខ្លួននោះទេ ចំពោះមេរោគអេដស៍នេះ គឺយើងត្រូវការពារ ហើយបន្ដរុករក អ្នកផ្ទុកមេរោគអេដស៍បន្ថែម ចំពោះស្ដ្រីឬបុរស ដែលមានដៃគូរួមភេទច្រើន ដូច្នេះយើងត្រូវលើទឹកចិត្ដពួកគាត់ ឲ្យមកពិនិត្យរកមេរោគអេដស៍ មួយវិញទៀត យើងត្រូវរុករកទៅលើបុរស ជាមួយបុរស ហើយថែមទាំងមានជាមួយស្រី្ដបន្ថែមទៀត» ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេងបន្ដថា «លើសពីនោះ យើងនឹងខិតខំប្រឹងប្រែងរកគ្រប់វិធី ដើម្បីលុបបំបាត់វីរុស ឬមេរោគអេដស៍ ពីប្ដី ទៅប្រពន្ធ និងប្រពន្ធទៅកូន ពិសេសបើបុរស យើងអាចកាត់បន្ថយចំណង់បាន ឬពេលមានចំណង់ ត្រូវប្រើស្រោម ១០០ភាគរយ ពេលរួមភេទ នឹងអាចបំបាត់ជំងឺនោះ ហើយសម្រាប់អ្នកញៀនគ្រឿងញៀនវិញ ត្រូវប្រុងប្រយ័ត្នទៅលើការចាក់ថ្នាំផងដែរ»។ ដូនេះ ពេលដែលរករុករកឃើញអស់ហើយ យើងនឹងផ្ដល់ការការពារ និងឱសថភ្លាមៗដោយមិនទុកយូរនោះឡើយ»។
ទន្ទឹមនឹងនោះ ប្រធានអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏UNAIDS លោកស្រី វ្លាដានកា អានដ្រៀវ៉ា (Vladanka Andreeva) បានលើកឡើងថា « ពិតជាល្អប្រសើរណាស់ ដែលប្រទេសកម្ពុជា សម្រេចបានជោគជ័យ ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក្នុងចំណោមប្រទេសទាំងប្រាំពីរ រួមមាន៖ ប្រទេស បូស្វាណា, ដាណឺម៉ាក, អាយលែន, សិង្ហបុរី, ស៊ុយអែត និងអង់គ្លេស ។ ដូច្នេះ ដើម្បីលុបបំបាត់ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នេះ ក្នុងទិសដៅ «៩៥-៩៥-៩៥ នៅឆ្នាំ២០២០ យើងចូលរួមគ្នា ក្នុងការពារ និងផ្ដល់ឱសថ ដល់អ្នកមានមេរោគអេដស៍ ឲ្យទាន់ពេលវេលា បន្ទាប់ពីតេស្ដឈាមរួចនោះ »។
គួររម្លឹកថា កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៅទីក្រុងប៉ារីស របស់រដ្ឋមន្ដ្រីម៉ម ប៊ុនហេង កាលពីថ្ងៃទី២០-២៣កក្កដា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តន៍ ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ គឺកម្ពុជា ទទួលបានការលើកសរសើរ ពីអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ ពីភាពជោគជ័យនៃការសម្រេចបាន ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោក។
ទិសដៅ ៩០-៩០-៩០ ដែលត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានកំណត់ភាគរយ តាមដំណាក់កាល ៣ចំណុច រួមមាន៖
ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រទេសឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប។
ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន៩០% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ ដែលបានរកឃើញខាងលើ។
ដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩០% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់ នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក៕