(ភ្នំពេញ)៖ ទីភ្នាក់ងារព័ត៌មាន Reuters ដ៏ល្បីលំដាប់ពិភពលោក បានដកស្រង់ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧ ដោយលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា អាចនឹងកើនឡើងក្នុងអត្រា ៧ភាគរយ នៅក្នុងឆ្នាំ២០១៧នេះ និងឆ្នាំ២០១៨ខាងមុខ។
លោក Jarkko Turunen ប្រធានដឹកនាំក្រុមការងារ IMF ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា បានប្រាប់ក្នុងសន្និសីទមួយថា «យើងបានឃើញការធ្លាក់ចុះមួយចំនួន នៃវិស័យវិនិយោគឯកជន ដែលវាមានជាប់ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់ខ្លះ នៃការបោះឆ្នោត។ ប៉ុន្តែកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែមានសន្ទុះ ដូចនឹងអត្រា ៧ភាគរយ ដែលសម្រេចបានកាលពីឆ្នាំ២០១៦»។
លោក Jarkko Turunen បានបន្តទៀតថា ហានិភ័យនៅតែមានដូចជា កំណើនឥណទានជាមធ្យមប្រមាណ ៣០ភាគរ ពីមួយទៅមួយឆ្នាំ ដែលវាកំពុងតែផ្តោត សំខាន់ខ្លាំងទៅលើវិស័យអចលនទ្រព្យ។ ដូច្នេះធនាគារជាតិនៃកម្ពុជា បានបោះជំហានទៅរកការកាត់បន្ថយហានិភ័យទៅលើស្ថិរភាពហិរញ្ញវត្ថុ ក្នុងនោះរួមមាន តម្រូវការមូលធនអប្បបរមាក្នុងកម្រិតខ្ពស់ជាដើម។ ហេតុដូច្នេះលោក Jarkko Turunen បានអំពាវនាវឲ្យអាជ្ញាធរបន្តវិធានការ ដើម្បីកែលម្អទៅរកភាពរឹងមាំ និងដោះស្រាយភាពងាយរងគ្រោះនៃផ្នែកហិរញ្ញវត្ថុ៕