(បាត់ដំបង)៖ បុរសវ័យចំណាស់ជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធការរំលោភផ្លូវភេទលើកុមារ នៅប្រទេសរបស់ខ្លួន ហើយធ្វើដំណើរមកប្រទេសកម្ពុជានោះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងនគរបាលរបស់កម្ពុជា និងកម្លាំង FBI របស់អាមេរិក តាមទៅចាប់ខ្លួនបានហើយ នៅខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «នៅថ្ងៃនេះ កម្លាំងនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរដែនដី ព្រមទាំងមានការសហការ ជាមួយស្ថាប័ន FBI ប្រចាំស្ថានទូតអាមេរិក បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ១៩៤ របស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទីតាំងក្រុម២១ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង»។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា បុរសជនបរទេសរូបនេះមានឈ្មោះ Robert James Boehnlein កាន់លិខិតឆ្លងដែនលេខ 506090676 ពីបទរំលោភផ្លូវភេទលើកុមារ នៅសហរដ្ឋអាមេរិក ហើយក្រោយការឃាត់ខ្លួន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។
តែបើតាមលោក អ៊ុក ហៃសីឡា « ដោយមានការសហការជាមួយស្ថាប័ន FBI ប្រចាំស្ថានទូតអាមេរិក ជននេះនឹងបញ្ជូនត្រឡប់ទៅអាមេរិវិញ ដើម្បីទទួលទោសនៅទីនោះ»៕