(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភក្មេងស្រី អាយុ៩ឆ្នាំ បានសម្រេច កាលពីប៉ុន្មានថ្ងៃមុន នៅចំណុចក្នុងព្រៃដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
មន្ដ្រីនគរបាលមូលដ្ឋានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ ឆាយ យ៉ាន អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅ បានរៀបរាប់ពីដំណើររឿងថា កាលពីមួយសប្តាហ៍មុន កុមារីរងគ្រោះដើរតាមផ្លូវលំទៅទិញទឹកកក ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជាអ្នកស្នាក់នៅផ្ទះជិតគ្នា បានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ លេងប្រដាប់ភេទកុមារីរងគ្រោះ រួចរំលោភ កុមារីរងគ្រោះបានសម្រេចហើយជនសង្ស័យ ក៏ងើបដើរទៅផ្ទះបាត់។
រហូតដល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ លុះព្រឹកឡើងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ម្តាយកុមារីរងគ្រោះបាននាំកុមារីនោះ ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពក្បាលកោះ ហើយមកដាក់បណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ។
ក្រោយទទួលពាក្យបណ្ដឹងភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍ក្បាលកោះ បានចុះទៅឃាត់ខ្លួនជនសង្ស័យទៅផ្ទះផ្ទាល់តែម្ដង ហើយបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមច្បាប់៕