(ក្វាងស៊ី)៖ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមអ្នកសារព័ត៌មានកម្ពុជាដែលដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានទៅធ្វើទស្សនកិច្ច នៅក្នុងស្ថាប័នកាសែត និងសារព័ត៌មានអនឡាញដ៏ល្បីប្រចាំទីក្រុងលាងចូវ ខេត្តក្វាងស៊ី ប្រទេសចិន។
តាមសេចក្តីរាយការណ៍របស់លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមធ្វើទស្សនកិច្ច នៅក្នុងស្ថាប័នកាសែតចិនមួយនេះ បានឱ្យដឹងថា សារព័ត៌មានប្រចាំក្រុងលាងចូវនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងទីក្រុងលាងចូវ ដែលមានរហូតដល់ជាង២លាននាក់។
បច្ចុប្បន្ននេះ ក៏មានការផ្សព្វផ្សាយតាមប្រព័ន្ធ Online និង App ផងដែរ ដោយសារប្រជាជននៅទីក្រុងនេះ ចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងទៅលើការអាន លើ Online។
នៅក្នុងដំណើរទស្សនកិច្ចនៅកាន់សារព័ត៌មានលាងចូវនេះ លោក អ៊ុក គឹមសេង ក៏បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាយ៉ាងច្រើន ហើយស្ថាប័នសារព័ត៌មានលាងចូវ ក៏ស្នើសុំកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នសារព័ត៌មានកម្ពុជាផងដែរ។
ទីក្រុងលាងចូវ គឺជាទីក្រុងសំខាន់មួយ ដែលមានប្រជាជនប្រមាណ៤លាននាក់។ ទីក្រុងនេះ ក៏មានតំបន់ទេសចរណ៍ ភ្នំ រួមទាំងតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម ផងដែរ៕