(សៀមរាប)៖ សិក្ខាសាលាពិសេសមួយសម្រាប់ អាស៊ាន-កូរ៉េ (ASEAN-ROK) ដែលផ្ដោតលើវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ (Vision Innovation Competition) ដើម្បីពិភាក្សាគ្នា សម្រាប់សហប្រតិបត្តិការ រវាងសមាជិក អាស៊ាន-កូរ៉េ ក្នុងការសម្រេចឲ្យបាននូវគោលដៅ អភិវឌ្ឍប្រកបដោយនិរន្តរភាព សម្រាប់ទាំងអស់គ្នា (Achieving the Sustainable Development Goals Together)។
ពិធីនេះបានប្រារព្ធធ្វើឡើង ក្នុងអធិបតីភាពរបស់លោកបណ្ឌិត ទូច វិសាលសុខ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅត្រូវបានរៀបចំឡើង ដោយចាប់ផ្ដើម ពីថ្ងៃទី២៦ រហូតដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នាសណ្ឋាគារ អង្គរប៉ារ៉ាឌី នៅក្រុងសៀមរាប នៃកម្ពុជា។
ខាងភាគីកូរ៉េ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ថា សិក្ខាសាលានេះ បានសហការរៀបចំឡើងដោយវិទ្យាស្ថាន នយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់សាធារណៈរដ្ឋកូរ៉េ និងក្រសួងអប់រំ យុវជន និងកីឡា នៃកម្ពុជា ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរគំនិតគ្នា ពិសេសសម្រាប់អ្នកវិទ្យាសាស្ត្រ និស្សិត និងយុវជនរបស់ អាស៊ាន-កូរ៉េ និងជាពិសេសដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ យូរអង្វែងរវាង អាស៊ាន និងកូរ៉េ ពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតិ។
សម្រាប់សិក្ខាកាម នៃវគ្គនេះ គឺជាជាតំណាងដែលមកពីប្រទេសកម្ពុជា សិង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម និងកូរ៉េ ព្រមទាំងតំណាងមួយរូបមកពីអង្គការសហ ប្រជាជាតិ។ ដោយសិក្ខាកាមទាំងអស់ នឹងបានពង្រាងនូវគោលគំនិត សហប្រតិបត្តិការរវាងភាគីអាស៊ាន សម្រាប់តម្រូវការរបស់សហប្រជាជាតិ និងតំបន់។ ក្រៅពីពិធីសិក្ខាសលា ប្រជុំពិភាក្សាគ្នានេះ ក៏មានកម្មវិធីប្រកួតប្រជែងសមត្ថភាពគ្នា រវាងនិស្សិតក្នុងប្រទេស ជាសមាជិកអាស៊ាន និងកូរ៉េ ដោយបានប្រព្រឹត្តទៅសម្រាប់ការផ្លាស់ប្ដូរគំនិតគ្នា ក្នុងបរិបថអាស៊ាន ផងដែរ៕