(កំពង់ស្ពឺ)៖ មន្រ្តីនៃមន្ទីរបរិស្ថាន បានបង្ហាញឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានគោយន្តដឹកឈើប្រណិត មិនតិចជាង១០គោយន្ត រួមទាំងរថយន្តផងដែរ ដែលលួចដឹកចេញពីជំរកសត្វព្រៃភ្នំឱរ៉ាល់។ ជាងនេះទៅទៀត សកម្មភាពបង្ក្រាបមានការបែកបាក់គ្នាយ៉ាងខ្លាំងរវាង មន្ត្រីទទួលផលប្រយោជន៍ និងមន្ត្រីមិនទទួលផលប្រយោជន៍ ពីឈ្មួញបទល្មើសកាប់ និងដឹកឈើក្នុងដែនដីបរិស្ថាន។
បើតាមមន្ដ្រីបរិស្ថានម្នាក់ក្នុងខេត្តកំពង់ស្ពឺ បានទម្លាយប្រាប់អង្គភាព Fresh News ថា បច្ចុប្បន្នស្ថានភាពដឹកនាំក្នុងអង្គភាព នៃមន្ទីរបរិស្ថាន ហាក់មានការបែកបាក់ បាត់បង់ទាំងស្រុង នៅសាមគ្គីភាពផ្ទៃក្នុង ដោយសារប្រធានមន្ទីរលំអៀងទៅរកអ្នកមានលុយ ដូចជានាយកដែនជំរកនេះជាដើម។
បើតាមមន្រ្តីដដែលនេះ បានលួចអះអាងថា លោក ខន សុខុន នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ បានឃុបឃិតគ្នាយ៉ាងស្អិតរមួតជាមួយឈ្មួញឈើឈ្មោះ ឌី ខណៈឈ្មួញឈើមួយចំនួនកំពុងរត់គេចខ្លួន និងចាប់ខ្លួន នៅក្នុងស្រុកឱរ៉ាល់។ មន្ដ្រីបានឲ្យដឹងថា តាមរយៈចុះពិនិត្យដោយផ្ទាល់ត្រឹម៧ថ្ងៃ មានគោយន្តប្រមាណ៥០គ្រឿង និងរថយន្ត០៨គ្រឿង បានដឹកជញ្ជូនឈើប្រណិត ប្រភេទធ្នង់ និងមានលោកខន សុខុន មេដែនជំរកជាអ្នកកាងឃុបឃិត និងសហការបើកដៃ ឲ្យឈ្មួញដឹកឈើឆ្លងកាត់។
ការលើកឡើងនេះដោយឯកសារបានសំអាងថា លោក ខន សុខុន បើមានមន្ត្រីចុះចាប់បទល្មើស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺមិនបានដាច់ខាត ដោយគេមិនបានសហការ និងបង្វៀងឈ្មួញឲ្យគេច ឬឲ្យផ្អាកធ្វើសកម្មភាព រង់ចាំក្រុមបង្ក្រាបនោះត្រឡប់មកវិញ គេនឹងបន្តបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើបន្តទៀត។
មន្រ្តីបន្ថែមថា មេឈ្មួញឈ្មោះ ឌី នេះគេធ្វើសកម្មភាពដឹកឈើរាល់ថ្ងៃនេះ បានដោយសារតែគេជាមិត្តភ័ក្រជាមួយលោក ខន សុខុន នាយកដែនជំរក និងលោកប្រធានមន្ទីរនេះតែម្តង។
មន្រ្តីដែលមានទាំងរូបថតផងដែរបានបង្ហាញថា ឈើដែលបានដឹកតាមគោយន្ត និងរថយន្តធំៗដឹកចេញ ពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះ សុទ្ធតែបានដឹងយ៉ាងច្បាស់ពី លោកនាយកដែនពិតប្រាកដ ដោយសារគេដាក់មន្ត្រីឧទ្យានុរក្សនៅទីនោះ ចាំរាប់ចំនួន បើមិនអញ្ចឹងទេ ហេតុអ្វីបានជាមន្ត្រីឧទ្យានុរក្ស ដែលឈរជើងទីនោះមិនបង្ក្រាប។ សកម្មភាពដឹកឈើទាំងយប់ ទាំងថ្ងៃ បានដោយចំហរបែបនេះគឺកើតឡើង ចាប់ពីមានការផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនេះតែម្តង៕