(ភ្នំពេញ)៖ ឆ្លើយតបនឹងការសម្រេចបង្កើតក្រុមអធិការកិច្ច ដើម្បីស៊ើបអង្កេតអំពីក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីរបស់លោកមេធាវី ពុធ ធាវី កាលពីល្ងាចម្សិលមិញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នេះ លោកមេធាវី ពុធ ធាវី អះអាងថា លោកពេញចិត្តអនេកចំពោះចំណាត់ការនេះ និងត្រៀមបង្ហាញភស្តុតាងទាំងឡាយជូនក្រុមប្រឹក្សាគណៈមេធាវី ។
ការថ្លែងរបស់លោកមេធាវីពុធ ធាវី គឺ ធ្វើឡើង បន្ទាប់ពី គណៈមេធាវីសម្រេចបង្កើតក្រុមអធិការកិច្ចមួយដើម្បីស៊ើបអង្កេតអំពីក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីរបស់លោកមេធាវី ពុធ ធាវី តាមលិខិតរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
លោកមេធាវី ពុធ ធាវី អះអាងថាប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ថា លោកសប្បាយចិត្តជាអនេកដែលក្រុមប្រឹក្សាគណៈមេធាវី បានសម្រេចបង្កើតក្រុមអធិការកិច្ចចុះធ្វើកិច្ចការករណីលោក ហើយលោករង់ចាំបំភ្លឺ និងបង្ហាញភស្តុតាងជូនក្រុមអធិការ។
លោកមេធាវី លើកជាឧទាហរណ៍ថា «រឿងអយុត្តិធម៌ត្រូវតែមានការតស៊ូ ដើម្បីរកឲ្យឃើញអយុត្តិធម៌វិញជូនប្រជាពលរដ្ឋដែលរងគ្រោះ ប្រៀបន័យថា អ្នកបាញ់អាប៉ោងមាន២នាក់ មេអាប៉ោងម្នាក់បាញ់ហើយ យកផ្តិលមកគ្រប រីឯមេអាប៉ោងម្នាក់ទៀតបាញ់ហើយយកកញ្ច្រែងមកគ្រប»។
គួរបញ្ជាក់ថា លោក យឹម សារី អ្នកនាំពាក្យគណៈមេធាវី ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ក្រោយបញ្ចប់កិច្ចប្រជុំថា ជាលទ្ធផលគណៈមេធាវីសម្រេចបង្កើតក្រុមអធិការកិច្ចមួយដើម្បីស៊ើបអង្កេតករណីនេះ។ អ្នកនាំពាក្យគណៈមេធាវីរូបនេះ អះអាងថា «ក្រុមប្រឹក្សាគណៈមេធាវី សម្រេចឲ្យអធិការកិច្ចអង្កេតសិនបានលទ្ធផលទើបសម្រេចជាក្រោយ»។ សម្រាប់សមាសភាព មេធាវីរូបណាជាប្រធានក្រុមអធិការកិច្ចវិញ លោកមេធាវី យឹម សារី បញ្ជាក់ថា «មិនទាន់សម្រេចទេ រង់ចាំសេចក្តីសម្រេចរបស់ប្រធានសិន»។
លោកមេធាវី ពុធ ធាវី ធ្លាប់បានស្នើឲ្យតុលាការខេត្តព្រះសីហនុ ពិនិត្យពាក្យស្នើនេះឲ្យបានម៉ត់ចត់បន្តិច ព្រោះវាខុសនឹងអង្គហេតុនៃការធ្វើសន្និសីទកាសែត។
សារសម្លេងតាមបណ្ដាញសង្គម Line ផ្ញើជូនភ្នាក់ងារសារព័ត៌មាន Fresh News លោកមេធាវី ពុធ ធាវី អះអាងថា លោកបានពិនិត្យខ្លឹមសារលិខិតរបស់តុលាការខេត្តព្រះសីហនុ រួចហើយ ។ ហើយលោកពេញចិត្តនិងរីករាយ នឹងចូលបំភ្លឺជូនក្រុមប្រឹក្សាគណៈមេធាវី អំពីករណីនេះ។ លោកបានសង្កត់ធ្ងន់ថា គ្រាន់តែអន្តរាគមន៍ជូនកូនក្តីមានទោសដែរ យើងជាមេធាវីគួរលាលែងពីមេធាវី ទៅលក់ត្រីងៀត លក់គុយទាវតាមផ្សារវិញ។
គួរបញ្ជាក់ថា នៅក្នុងលិខិតរបស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទង្វើរបស់លោកមេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែតសាធារណៈ ចោទប្រកាន់ និងវាយប្រហារមកលើស្ថាប័នតុលាការខេត្តព្រះសីហនុ ទាក់ទងនឹងការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តីឈ្មោះ ឈន ផ្លុំ គឺបានបំពានលើការសំងាត់ វិជ្ជាជីវៈមេធាវី ដូចមានចែងក្នុងមាត្រា៧ នៃក្រមសីលធម៌មេធាវី និងចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា៣១៤ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។
ការស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី និងស្នើចាត់វិធានការដាក់ទណ្ឌកម្មវិន័យ ធ្វើឡើងបន្ទាប់ពីលោកមេធាវី ពុធ ធាវី និងកូនក្តីជាច្រើនរូប បាននាំគ្នាធ្វើសន្និសិទកាសែតជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ និងក្រោយពីបែកធ្លាយឯកសារសំងាត់មួយលើកិច្ច ព្រមព្រៀងចែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ៕