(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីការពារព្រៃឈើអង្គការ អិម.ជេ.ភី (MJP) ចុះពិនិត្យមើលក្នុងតំបន់ប្រជាពលរដ្ឋដែលសង់ខ្ទម និងបង្កបង្កើនផលប៉ះពាល់តំបន់ ប្រើប្រាស់ច្រើនយ៉ាង ខេត្តប៉ៃលិន-ស្រុកសំឡូត ស្ថិតនៅតំបន់អូរស្លេវ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក ស៊ុន យី បានថ្លែងថា បន្ទាប់ពីមន្ត្រីការពារព្រៃឈើអង្គការ អិម.ជេ.ភី (MJP) ប្រចាំការនៅតំបន់ការពារប្រើប្រាស់ច្រើនយ៉ាងប៉ៃលិន សំឡូតបានធ្វើការហាមឃាត់មិនឲ្យបងប្អូនប្រជាពលរដ្ឋកាប់ឆ្កាព្រៃ ឬសាងសង់ផ្ទះនោះឡើយ ព្រោះតំបន់នេះស្ថិតនៅដែនអភិរក្ស តែដោយសង្កេតឃើញថាមានប្រជាពលរដ្ឋមួយគ្រួសារកំពុងកាប់ទន្រា្ទន និងសាងសង់ខ្ទមលំនៅដ្ឋាន ទើបក្រុមការងារព្រៃឈើអង្គការ អិម ជេ ភី បានហាមឃាត់មិនអោយសាងសង់ រឺ ធ្វើចំការបន្តទៀតនោះទេ។
លោក ស៊ុន យី បានបន្តថា ក្រុមការងារបានចុះផ្ទាល់ទៅពិនិត្យមើលតំបន់ដែលកំពុងមានបញ្ហា និងបានធ្វើការពន្យល់ណែនាំឲ្យប្រជាពលរដ្ឋ ឈប់ធ្វើការសាងសង់ខ្ទម និងកាប់ ទន្ទ្រានដីបង្កបង្កើនផលបន្ថែមទៀតព្រោះចំណុចនេះវាស្ថិតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ប៉ៃលិន-សំឡូត ដែលក្រោមការគ្រប់គ្រងរបស់មន្ត្រីការពារព្រៃឈើអង្គការ អិម.ជេ.ភី (MJP)។
លោក ស៊ុន យី ក៏បានជំរុញដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាននេះ ត្រូវមានកិច្ចសហការល្អជាមួយ ជំនាញពាក់ព័ន្ធ ជាពិសេស អង្គភាពការពារព្រៃឈើ អិម.ជេ.ភី (MJP) ធ្វើយ៉ាងណាខិតខំទប់ស្កាត់ការកាប់បំផ្លាញ ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ និងការពារតំបន់អភិរក្សបរិស្ថានធម្ម ឱ្យបានគង់វង្ស ។
សូមបញ្ជាក់ថា គ្រួសារដែលកំពុងសង់ខ្ទមរស់នៅក្នុងតំបន់អភិរក្សនោះ មានឈ្មោះ នាង វណ្ណី ភេទស្រី ដែលមានសមាជិកគ្រួសារ៦នាក់ និងមានកូនតូចៗចំនួន៣នាក់ ដោយបានធ្វើការសាងសង់ខ្ទម មានរយះពេលជិត១ខែកន្លងមកហើយ និងបង្កបង្កើនផលដីដាំដុះដំណាំតិចតួច៕