(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ចូលរួមជាកិត្តិយស ក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន Royal Group តំណាងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចែកចាយទីផ្សារឈានមុខគេ លំដាប់ពិភពលោក EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េ តំណាងដោយលោក Lee Gab Soo នាយកប្រតិបត្តិ នៃក្រុមហ៊ុន EMART នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលការវិនិយោគនេះ មានទឹកប្រាក់រហូតដល់ជាង១០០លានដុល្លារឯណោះ។
រដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ សម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុនចែកចាយទីផ្សារឈានមុខគេ លំដាប់ពិភពលោក EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុនសាជីវកម្ម Royal Group ដ៏ធំជាងគេរបស់កម្ពុជា ហើយអនុស្សរណៈយោគយល់នេះ តំណាងឲ្យវឌ្ឍនភាពថ្មី នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
រដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ កម្ពុជាបានរីករាយជាមួយផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច ដែលសម្រេចបានក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ។ លទ្ធផលគាប់ប្រសើរនេះ កើតចេញពីការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវ កម្មវិធីកំណែទម្រង់ សំដៅលើកស្ទួយស្ថិរភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីកំណែទម្រង់។
តាមរយៈវឌ្ឍនភាពសេដ្ឋកិច្ចកម្រិតនេះ បានផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រួមទាំងបទពិសោធន៍នៃការទិញទំនិញថ្មី ដែលក្រុមហ៊ុន EMART នឹងផ្តល់ជូនអតិថិជនកម្ពុជាទូទាំងប្រទេស។
លោក ប៉ាន សូរស័ក្ដិ បានកោតសរសើរចំពោះក្រុមហ៊ុន EMART ដែលសម្រេចបានកំណត់ត្រាប្រសើរបំផុត ក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩០ និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងបទពិសោធន៍រឹងមាំ ក្នុងការចែកចាយ និងធ្វើទីផ្សាររបស់ក្រុមហ៊ុន EMART ព្រមទាំងការដឹកនាំក្នុងវិស័យជាច្រើនរបស់ Royal Group ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ នឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដ ចំពោះទីផ្សារកម្ពុជា តាមរយៈការនាំមកនូវបទពិសោធន៍ជំនាញ បណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិតព្រមទាំងឱកាសការងារដ៏សម្បូរបែប ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជូនពរឲ្យទទួលបានផ្លែផ្កា នៅក្នុងកិច្ចសហការនេះ ព្រមទាំងមានភាពជោគជ័យ ក្នុងការបណ្តាក់ទុនវិនិយោគរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ៕