(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌមានជ័យបានស្នើដល់រោងចក្រក្រណាត់ SL ត្រូវបង្កើនប្រព័ន្ធការពារ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពរបស់កម្មករ-កម្មការិនី ដែលបម្រើការក្នុងរោងចក្រ ត្រូវមានប្រព័ន្ធខ្យល់ចេញចូលត្រឹមត្រូវ ពិសេសត្រូវសម្រួល និងការពារផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅជុំវិញរោងចក្រផងដែរ។
ការណែនាំទាំងនេះ កើតចេញឡើងក្នុងឱកាសលោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំមន្រ្តីជំនាញសាលាខណ្ឌមានជ័យ ចុះវាយតម្លៃ និងពិនិត្យមើលពីស្ថានភាពបរិស្ថាន ចំហេះឡដុតធ្យូង និងកាកសំណុលកម្ទេចក្រណាត់ នៅក្នុងរោងចក្រ SL ដែលមានទីតាំងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលមានកម្មករ-កម្មការនីសរុប ២,២២៩នាក់ (ស្រី ១,១៤៩នាក់)។
លោក ឌី រត្ន័ខេមរុណ និងមន្រ្តីជំនាញអង្គភាពមន្ទីរពាក់ព័ន្ធ រួមទាំងបុគ្គលិករោងចក្របានពិនិត្យ និងវាយតម្លៃពីបញ្ហាបរិស្ថាន ចំហេះផ្សែងដុតអូស និងបញ្ហាកាកសំណល់រួចមក ក្រុមការងារបានចុះពិនិត្យមើលបន្ថែមទៅលើទីតាំងផ្នែកនីមួយៗ ដែលបុគ្គលិក កម្មករ-កម្មការិនីរោងចក្រ SL កំពុងដំណើរការទីនោះ។
បន្ទាប់ពីពិនិត្យស្ថានភាពលើទីតាំងតាមផ្នែកនីមួយៗរួចមក លោក ឌី រ័ត្នខេមរុណ និងក្រុមការងារមន្រ្តីជំនាញបានដោះស្រាយ និងណែនាំទៅដល់តំណាងរោងចក្រ SL មានដូចជា៖
១៖ ក្រុមការងារស្នើឲ្យរោងចក្រជួយសម្អាតធូលី កម្ទេចក្រណាត់ ដែលកាត់ចោលធ្វើឲ្យស្រូបចូលដល់ច្រមុះកម្មករ-កម្មការនី ធ្វើឲ្យប៉ះពាល់សុខភាព។
២៖ ក្រុមការងារស្នើដល់រោងចក្របន្ថែមឧបករណ៍ កង្ហារទៀត ដើម្បីទប់ស្ថានការដូចជា ហប់ខ្យល់ អាចធ្វើកម្មករខ្សោយដួលសន្លប់បាន។
៣៖ ក្រុមការងារស្នើដល់រោងចក្ររៀបចំកាលវិភាគ ពេលសម្រាករបស់កម្មករ-កម្មការិនី បានតាមម៉ោងកំណត់។
៤៖ ក្រុមការងារស្នើដល់រោងចក្រ ត្រូវរៀបចំបន្ថែមទៅលើទីតាំង នៅប្រព័ន្ធបង្ហូរខ្យល់គ្រប់គ្រាន់ចូលក្នុងអគារធ្វើការទៅតាមផ្នែកធ្វើការរោងចក្ររបស់កម្មករ-កម្មការនី។
៥៖ ក្រុមការងារបានស្នើឲ្យរោងចក្របន្ថែម បំពង់ឡ ចំហេះផ្សែងដុតអូសឡើងទៅលើ ១ម៉ែត្រទៀត ជៀសវាងធ្លាក់កម្ទេចក្រណាត់ ឬក៏ផេះមកក្រោម ធ្វើឲ្យប៉ះពាល់ផ្ទះអ្នកជិតខាង។
កម្មករ-កម្មការិនីរោងចក្រ សម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះអាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពួកគេ ដូចជាការដំឡើងប្រាប់ខែ និងប្រាប់ឧបត្ថម្ភ និងដោះស្រាយបញ្ហាសំណូមពរនានា៕