(តាកែវ)៖ សំណុំរឿងដ៏រសើប និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជនទូទៅពាក់ព័ន្ធទៅ និងកូនបំណុលម្នាក់នៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ដែលបានខ្ចីលុយគេ ដោយមានលិខិតស្នាមត្រឹមត្រូវ ដោយមានការដឹងឮពីអាជ្ញាធឃុំ តែបែរជាម្ចាស់លុយប្តឹងទៅតុលាការខេត្តតាកែវ បានកាត់ក្ដីឲ្យមានការរឹបអូសផ្ទះរបស់ពួកគាត់ ដោយសំអាងលើម្ចាស់បំណុល បានដាក់ពាក្យប្ដឹងពាកព័ន្ធការទិញ និងលក់ផ្ទះទៅវិញ។
អ្នកស្រី ផូ សុខហឿន ចុងចោទដែលចាញ់ក្ដី ហើយដែលត្រូវតុលាការចេញដីការឹបអូសផ្ទះឲ្យម្ចាស់បំណុលបានថ្លែងឲ្យដឹងថា កាលពីពាក់កណ្ដាលឆ្នាំ២០១៥ គាត់បានខ្ចីលុយពីម្ចាស់បំណុលម្នាក់ឈ្មោះ ទិត្យ វិចិត្រ ចំនួន២ម៉ឺនដុល្លារ ដោយមានអាត្រាកាប្រាក់ ៣,៥ ភាគរយ ក្នុងមួយខែ។
បន្ទាប់ពីខ្ចីប្រាក់រួច គាត់បានបង់ការប្រាក់ចំនួន៧រយដុល្លារ ក្នុងមួយខែបានចំនួន៥ខែ ក៏គ្មានលុយបង់ការប្រាក់ដ៏ខ្ពស់នេះតទៅទៀត។ គាត់ក៏ទៅខ្ចីលុយនៅធនាគារ ប្រៃសនីយ៍បាន៩ពាន់ដុល្លារ យកមកឲ្យម្ចាស់បំណុល។ ក៏ប៉ុន្តែបន្ទាប់ពីគាត់សងលុយចំនួន៩ពាន់ដុល្លារ ឲ្យម្ចាស់បំណុល ទិត្យ វិចិត្រ ដោយនៅសល់១ម៉ឺន១ពាន់ដុល្លារទៀត ស្រាប់តែលេចឈ្មោះ ប៉ាន់ ឪគឹម ដែលអ្នកស្រីមិនធ្លាប់ស្គាល់ពីមុនទាល់តែសោះ ហើយបានអះអាងថា ជាម្ចាស់បំណុលបានដាក់ពាក្យបណ្ដឹង ទៅតុលាការខេត្តតាកែវ ដោយប្ដឹងសុំរឹបអូសដី និងផ្ទះរបស់អ្នកស្រីទៅវិញ។
អ្នកស្រីបានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹង អ្នកស្រី និងប្ដីបានទៅឆ្លើយបំភ្លឺចំពោះមុខអ្នកស្រី ប្រធានតុលាការថា មិនបានចុះកិច្ចសន្យាផ្ទេកម្មសិទ្ធិលក់ដី និងផ្ទះទៅឲ្យឈ្មោះ ប៉ាន់ ឪគីម នោះទេ និយាយជារួម អ្នកស្រីមិនដែលស្គាល់ឈ្មោះ ប៉ាន់ ឪគីម នេះទេ ស្គាល់តែឈ្មោះ ទិត្យ វិចិត្រ ដែលអ្នកស្រីបានខ្ចីលុយ និងបានចុះហត្ថលេខា និងផ្ដិតមេដៃខ្ចីប្រាក់តែប៉ុណ្ណោះ។
ក៏ប៉ុន្តែភ័ស្តុតាងដែលដើមបណ្ដឹងដាក់មកតុលាការបែរ ជាមានកិច្ចសន្យាលក់ដី និងផ្ទះដាច់ទៅឲ្យឈ្មោះ ប៉ាន់ ឪគីម ទៅវិញ។ នេះបានន័យថា ពួកគេបានក្លែងឯកសារ និងបានយកស្នាមមេដៃខ្ចីប្រាក់ ទៅធ្វើកិច្ចសន្យាលក់ដី និងផ្ទះក្លែងក្លាយមួយទៀត។
បើតាមអ្នកស្រី ផូ សុកហឿន អ្នកស្រីទទួលស្គាល់ថា បានជំពាក់ប្រាក់ម្ចាស់បំណុល ទិត្យ វិចិត្រ ចំនួន១ម៉ឺ១ពាន់ដុល្លារ និងបានស្នើសុំសងមួយខែ៥រយដុល្លារ រហូតទាល់តែគ្រប់ចំនួន តែផ្ទុយទៅវិញបែរជាតុលាការកាត់ក្ដីឲ្យឈ្មោះ ប៉ាន់ ឪគីម ដែលអះអាងជាម្ចាស់បំណុលឈ្នះក្ដី ដោយរឹបអូសយកដី និងផ្ទះអ្នកស្រីទៅឲ្យម្ចាស់បំណុល ទៅវិញដូច្នោះសោះ។ អ្នកស្រ្តីបន្តទៀតថា លោកស្រី អ៊ីន ម៉ានិត្យ ប្រធានតុលាការខេត្តតាកែវ ដែលកាន់សំណុំរឿងនេះ បានចេញដីការចុះអនុវត្តន៍សាលក្រមនៅថ្ងៃទី២៧ ខែ កក្ដដា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ខណៈពេលដែលចុងចោទ បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំង និងសាលក្រមរដ្ឋប្បវេណី ដែលចេញដោយតុលាការខេត្តតាកែវ។
អ្នកស្រី ផូ សុកហឿន និងក្រុមគ្រូសារស្នើសុំឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ឲ្យអ្នកស្រីផង ព្រោះរឿងក្ដីនេះជារឿងក្ដីជំពាក់ប្រាក់ តែបែជាតុលាការខេត្តតាកែវ កាត់ក្ដីជារឿងកិច្ចសន្យាទិញលក់ដី និងផ្ទះទៅវិញ។
លោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវបានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃសុក្រ នេះថា សំណុំរឿងនេះ បើទោះបីជាភាគីចាញ់ក្ដី ប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍យ៉ាងណាក៏ដោយ ក៏តុលាការអាចអនុវត្តន៍សាលក្រមនេះជាបណ្ដោះអាសន្នបានដែរ ព្រោះយោងទៅតាមសេចក្ដីប្រកាស បញ្ចប់ក្នុងចំណុច៣ នៃសាលក្រមនេះដែលបានសសេរថា «សាលក្រមនេះអនុវត្តន៍ជាបណ្ដោះអាសន្នត្រង់ចំណុចទី២ ដែលបង្គាប់ឲ្យចុងចម្លើយ ជូ សុកហឿន និងប្ដី ត្រូវប្រគលើដី និងផ្ទះនៅភូមិឃុំខាងលើទៅឲ្យដើមបណ្ដឹង ប៉ាន់ ឪគីម»។
លោកព្រះរាជអាជ្ញារង បានបន្តថា «នេះជាការចុះអនុវត្តន៍សាលក្រមបណ្ដោះអាសន្ន ក៏ប៉ុន្តែបើសាលាឧទ្ធរណ៍ កាត់ក្ដីឲ្យភាគីចាញ់ក្ដីនៅសាលាដំបូងឈ្នះវិញ ដូច្នោះភាគី ប៉ាន់ ឪគីម ត្រូវតែប្រគល់ដី និងផ្ទះអោយភាគីម្ខាងទៀតវិញ»៕