(ពោធិ៍សាត់)៖ ចោរមួយក្រុម បានធ្វើសកម្មភាពដាក់ថ្នាំពុលលាយជាមួយសាច់ជ្រូក ដើម្បីបំពុលឆ្កែ ហើយលួចយកម៉ូតូ១គ្រឿង និងយកឆ្កែ១ក្បាល រួចគេចខ្លួនដោយសុវត្ថិភាព។ សកម្មភាពនេះបានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភា្នក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តាន់ សំនាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ជាម្ចាស់ម៉ូតូម៉ាកគុប ចង្កៀងជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1GL-9138 មានលេខតួ 1197924 និងលេខម៉ាស៊ីន1197897។
តាមការបំភ្លឺពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឮសំឡេងឆ្កែព្រុស កាលពីយប់ថ្ងៃទី២៧ ខែកក្កដាដែរ តែគាត់មិននឹកស្មានដល់ពីសកម្មភាពរបស់ក្រុមចោរឡើយ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ គាត់បានភ្ញាក់ពីដំណេក ឃើញសាច់ជ្រូកប្រឡាក់ថ្នាំពណ៌ដាក់៣កន្លែង និងទ្វារបន្ទប់បើកទើបបានដឹងថា បាត់ម៉ូតូ១គ្រឿង និងបាត់ឆ្កែ១ក្បាល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត និងតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕