(បន្ទាយមានជ័យ)៖ បុរសម្នាក់ត្រូវបានប្រពន្ធរបស់ខ្លួន ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដោយតែជនសង្ស័យម្នាក់នេះប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ធ្វើឲ្យជាប្រពន្ធមិនអាចទ្រាំរស់នៅជាមួយបាន ទើបដាច់ចិត្តប្តឹងសមត្ថកិច្ចតែម្តង រួមទាំងដកហូតបានគ្រឿងញៀន១២កញ្ចប់តូច នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា ការចាប់ខ្លួនបុរសខាងលើធ្វើឡើងបន្ទាប់ពីមានបណ្តឹងផ្ទាល់មាត់របស់ស្ត្រីម្នាក់ជាប្រពន្ធ។ លោកថាស្ត្រីដែលប្តឹងប្តីខ្លួនឯងមានឈ្មោះ ឆេង លៀងអាយុ៣៤ឆ្នាំ ឯជនសង្ស័យត្រូវជាប្តីមានឈ្មោះ លី ណា អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតបានរួមមានថ្នាំញៀនចំនួន១២កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកនៅក្នុងបន្ទប់គេងរបស់ខ្លួន។
លោក ធិន ស៊ិនដេត បានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនឹងចាប់ខ្លួនមុខសញ្ញាខាងលើ សមត្ថកិច្ចក៏បន្តចាប់ខ្លួនស្ត្រីជាអ្នកប្រើប្រាស់ម្នាក់ ទៀតផងដែរ ដកហូតថ្នាំញៀនប្រភេទទឹកកក១២កញ្ចប់តូច និងសំភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងដើម្បីបញ្ជូនខ្លួនទៅតុលាការខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕