(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសបិទទីតាំងសិប្បកម្ម «ស្លរដេញកំទិចមាស-ប្រាក់ដ៏ធំ» ជាបណ្ដោះអាសន្នមួយកន្លែងទៀតហើយ ព្រោះបានរកឃើញថា មានលួចលាក់ប្រើប្រាស់ជាតិ «អាស៊ីត» ដែលអាចបណ្ដាលឲ្យជះឥទ្ធិពលសាយភាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ជា ពិសី បានបញ្ជាក់ថា ទីតាំងសិប្បកម្មស្លរដេញកំទិចមាស-ប្រាក់ដ៏ធំខាងលើ ត្រូវបានបិទចោលជាបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែចំពោះទីតាំងសប្បកម្ម ដេញមាស-ប្រាក់ដ៏ទៃទៀត ដែលនៅក្បែរគ្នានោះ ក៏ប្រហែលជាអាចប្រឈមការបិទចោលផងដែរ បើការស្រាវជ្រាវរកឃើញថា មានប្រើប្រាស់ជាតិអាស៊ីត និងមានពាក្យបណ្ដឹងថា បណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសុខភាពប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ការថ្លែងបែបនេះត្រូវបានលោក ជា ពិសី លើកឡើង នៅក្នុងដំណើរដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ដែលមានសមាសភាពចូលរួមពីអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ នាយករដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ ប្រធានការិយាល័យអន្តរវិស័យ លោក ស្មាស រិទ្ធី អនុប្រធានការិយាល័យអន្តរវិស័យ លឹម សាមឌី ប្រធានការិយាល័យឧស្សាហកម្ម សុំ សាវុយ មន្ត្រីកត់ត្រា លោក ចៅ ឡាស្កាន អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ លោក ព្រំ រដ្ឋា ចៅសង្កាត់ច្រាំងចំរេះទី២ លោក វ៉ាន់ ផន ចៅសង្កាត់រង លោក ហួត ហឿង មេភូមិ និងមេក្រុម កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅត្រួតពិនិត្យ និងប្រកាសបិទទីតាំងសិប្បកម្មដេញកំទិចមាសប្រាក់ចំនួន១កន្លែង របស់លោក ឡោះ រ៉ះសេត ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះថា ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅ។

លោក ជា ពិសី បានថ្លែងថា មុនឈានទៅដល់ការប្រកាសបិទទីតាំងសិប្បកម្ម ស្លរដេញកំទិចមាសប្រាក់ដ៏ធំជាបណ្ដោះអាសន្នខាងលើនេះដែរ ក្រោយពីអាជ្ញាធរខណ្ឌឫស្សីកែវ ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លើបញ្ហាប្រឈម ក្នុងការប្រើប្រាស់សារធាតុគីម៊ី «អាស៊ីត» ដើម្បីស្លរដេញកំទិចមាសប្រាក់ ដែលបង្កផលប៉ះពាល់បណ្ដាល ឲ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋ។

លោក ជា ពិសី បានថ្លែងទៀតថា កន្លងមកនេះ អាជ្ញាធរខណ្ឌ បានធ្វើលិខិតស្នើមួយ ទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ ក្នុងការបិទសិប្បកម្មស្លរដេញកំទិចមាសប្រាក់នេះចោល ក៏ព្រោះតែឃើញមានច្បាប់ទម្លាប់ត្រឹមត្រូវ «មានអាជ្ញាប័ណ្ណ» ប៉ុន្តែចាំបាច់ ក៏ត្រូវតែបិទចោលជាបណ្ដោះអាសន្នសិន ចាប់ពីពេលនេះ ថ្ងៃនេះតទៅ ដោយរង់ចាំសេចក្ដីសម្រេចពីសាលារាជធានីភ្នំពេញថា ត្រូវបិទទាំងស្រុងជាស្ថាពរ ឫយ៉ាងណានោះនៅពេលក្រោយប៉ុណ្ណោះ។

លោក ជា ពិសី បានថ្លែងបន្តថា ជាក់ស្ដែងទីតាំងបើកសិប្បកម្មស្លរដេញកំទិចមាសប្រាក់ដ៏ទៃទៀត ដែលនៅក្បែរគ្នានោះ មិនថាតូច ឫធំឡើយ ក៏អាចប្រឈមការបិទចោល ជាបន្តបន្ទាប់ផងដែរ ប្រសិនបើក្នុងករណីស្រាវជ្រាវត្រួតពិនិត្យ ហើយបានរកឃើញថា មិនមានច្បាប់អនុញ្ញាត្តិ «ពោលគឺគ្មានអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល» និងមានការលួចលាក់ប្រើប្រាស់ជាតិអាស៊ីត ពិសេសឲ្យតែមានពាក្យបណ្ដឹង ដែលបង្កជាហានិភ័យខ្ពស់ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពរបស់ប្រជាពលរដ្ឋ៕