(ភ្នំពេញ)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនឆ្នោតផ្សងសំណាង «Lucky Dragon Lotto» ជាក្រុមហ៊ុន ធ្វើការប្រកួតប្រជែង ដោយភាពស្មោះត្រង់ និងផ្ដល់នូវលាភសំណាង យ៉ាងសុក្រិតយុត្តិធម៌ ចំពោះប្រជាជនកម្ពុជាទាំងមូល ខណៈដែលលោកសង្កេតឃើញថា រង្វាន់ធំជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ត្រូវបានឈ្នះ និងប្រគល់ដល់ដៃប្រជាពលរដ្ឋាជាប្រចាំ។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់ និងប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះ គឺក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីសន្និសីទសារព័ត៌មាន ប្រគល់រង្វាន់ដល់អ្នកមានសំណាង ឈ្នះឆ្នោតនូវទឹកប្រាក់ប្រមាណជិត១៣ម៉ឺនដុល្លារអាមេរិក នៅភោជនីយដ្ឋានទន្លេបាសាក់២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងបន្តទៀតថា ដោយសារតែប្រទេសជាតិ យើងមានសុខសន្តិភាព ទើបអ្នកវិនិយោគ មកធ្វើការបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើង ដែលរាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យឯកជន ជាដៃគូយ៉ាងសំខាន់ ធានាបាននូវកំណើនសេដ្ឋកិច្ច ឈានដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្រុមហ៊ុន «Lucky Dragon Lotto» បានសម្រេចចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន រុងរឿង ពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។
ក្រោមហ៊ុន «Lucky Dragon Lotto» បានមកវិយោគលើវិស័យឆ្នោតផ្សងសំណាង ក្នុងប្រទេសកម្ពុជា តាំងឆ្នាំ២០១៣មក ដែលរហូតមកដល់ពេលនេះ បានប្រហែលជាង៤ឆ្នាំហើយ ដោយក្រុមហ៊ុននេះ បោះទុនយ៉ាងច្រើន វិនិយោគលើផ្នែកឆ្នោតផ្សងសំណាង និងមានលោក Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោត នាគសំណាង។
តំណាងពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុរូបនេះបាននិយាយថា ឆ្នោតផ្សងសំណាងនេះ មិនមែនជាល្បែងជាស៊ីសង ឬភ្នាល់គ្នានោះទេ គឺជាការផ្សងសំណាង ហើយរហូតមកដល់ម៉ោងនេះ ដែលអ្នកត្រូវរង្វាន់ធំ ទឹកប្រាក់រាប់សិបម៉ឺនដុល្លារ មានបួននាក់រួចមកហើយ។ អ្នកទី១ ទទួលបានជាង១៧ម៉ឺនដុល្លារ, អ្នកទី២ ជាង៣៨ម៉ឺនដុល្លារ, អ្នកទី៣ ជាង៥០ ម៉ឺនដុល្លារ និងអ្នកទី៤ ទទួលជិត១៣ម៉ឺនដុល្លារ។ សព្វថ្ងៃនេះមាន១៤ក្រុមហ៊ុន ដែលវិនិយោគលើផ្នែកនេះ ១០ក្រុមហ៊ុន កំពុងដំណើរការប្រកួតប្រជែងតាមតម្លាភាព ហើយ៤ក្រុមហ៊ុនទៀត កំពុងតែរៀបចំនិតិវិធីផ្ទៃក្នុង ដើម្បីបើកដំណើរការ។
សូមបញ្ជាក់ថា អ្នកឈ្នះឆ្នោត៦លេខ ក្នុងចំណោម៣៩លេខ ដែលបានត្រូវរង្វាន់ធំ នូវទឹកប្រាក់ ១២៩,១៩៨ ដុល្លារអាមេរិក គឺបានទៅលើលោក ឈួ តិច មានលំនៅដ្ឋាននៅក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយលោកជាពាណិជ្ជករមួយរូប ដោយមានក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែលោកមិនបានបង្ហាញវត្តមានឡើង ដោយជាប់ភារកិច្ចចេញទៅក្រៅប្រទេស ដោយបានអញ្ជើញមេធាវីផ្ទាល់ របស់លោកជាអ្នកតំណាងមកជំនួស៕