(កណ្តាល)៖ លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត នាយរងការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកណ្តាល តំណាងនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅល្ងាច ទី២៧ ខែកក្កដា ឆ្នាំ២០១៧ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ប្រមាណ៣៧លានរៀល ទៅជូនគ្រួសារសព មន្រ្តីអាវុធហត្ថខេត្តកណ្តាលម្នាក់។
សពមន្រ្តីអាវុធហត្ថខេត្តកណ្តាលខាងលើនេះ គឺលោកវរសេនីយ៍ត្រី គង់ សុភាព អនុប្រធានមន្ទីរ ភស្តុភារកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានឱ្យដឹងថា ថវិកាទាំងអស់នេះ បានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកាចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់ របស់ នាយឧត្តមសេនីយ៍ សៅ សុខា ដែលនាយឧត្តមសេនីយ៍តែងតែបរិច្ចាគ ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ ពេលបច្ចុប្បន្ន។
លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះ ធ្វើទៅបាន គឺដោយមានការយកចិត្ត ទុកដាក់ខ្ពស់ ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលតែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខរបស់បងប្អូន កម្លាំងកងរាជអាវុធហត្ថ ទាំងអស់ នៅពេលដែលជួបទុក្ខលំបាក៕