(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨កក្កដានេះ ក្រសួងសុខាភិបាល និងUNAIDS បើកសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលឆ្លើយតប នឹងជំងឺអេដស៍ ខណៈប្រទេសកម្ពុជា ទទួលបានជោគជ័យខ្ពស់ ក្នុងការឆ្លើយតប នឹងជំងឺអេដស៍។
សន្និសីទនេះប្រារព្ធធ្វើឡើង នៅទីស្តីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួម ពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង, លោកស្រី ឱន វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល, អ្នកតំណាងពី អង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងមន្រ្តីមួយចំនួនទៀត។
ក្រសួងសុខាភិបាលនិងអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍( UNAIDS) បានថ្លែងរួមគ្នា ពីលទ្ធផលល្អប្រសើររបស់កម្ពុជា នៃកិច្ចប្រជុំអន្ដរជាតិ ក្នុងឱកាស ដែលកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២០-២៣កក្កដា ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តន៍ ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ ។
អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសម្ដែងនូវការអបអរសាទរ និងការកោតសរសើរកម្ពុជា ដែលបានសម្រេចទិសដៅ ៩០-៩០-៩០ ដែលជាការប្ដេជ្ញាចិត្ដ ជាសកលក្នុងការធ្វើតេស្ដរកមេរោគអេដស៍ និងផ្ដល់ការព្យាបាល បីឆ្នាំមុនកាលកំណត់៕