(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការ នៃស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានមកធ្វើបទបង្ហាញ ដល់សិក្ខាកាម កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺវគ្គបំប៉នជំនាញ ដែលមានកម្លាំងជាង១០០នាក់ មកពីមន្ទីរជំនាញ អង្គភាពក្រុង ស្រុក ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានអាវុធហត្ថកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ នាង សុជីវី បានថ្លែងថា ការបើកវគ្គបំប៉នជំនាញគ្រប់អង្គភាព រាជធានី-ខេត្ត សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងគោលជំហរ កងរាជអាវុធហត្ថ អំពីគុណភាព សមត្ថភាពការយល់ដឹងពីភារកិច្ច វិជ្ជាជីវកងរាជអាវុធហត្ថ និងបង្កើនធនធានមនុស្ស ដើម្បីរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្តិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់។
ឧត្តមសេនីយ៍ទោ នាង សុជីវី បានបន្តថា តួនាទីភារកិច្ច និងរចនាសម្ព័ន្ធទូទៅ របស់កងរាជអាវុធហត្ថមានសារសំខាន់ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូបជាពិសេសបង្កើនការយល់ដឹងអំពីតួនាទីភារកិច្ច និងនិងរចនាសម្ព័ន្ធទូទៅ របស់ កងរាជអាវុធហត្ថ ដែលអាវុធហត្ថគ្រប់រូប ត្រូវតែយល់ដឹងដើម្បីមានសមត្ថភាពរ៉ាប់រងនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងថា ថ្ងៃនេះកងរាជអាវុធហត្ថខេត្តពិតជាទទួលបាន កិត្តិយសយ៉ាងខ្លាំង ដោយលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាគ្រូយោធាចារ្យ មកធ្វើបទបង្ហាញ អំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធទូទៅរបស់កងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសិក្ខាកាម វគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆ្នាំ២០១៧នាពេលនេះ។
មេបញ្ជាការបានបន្តថា អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់តាំងបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆ្នាំ២០១៧ តាមផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំដែលមានសិក្ខាកាម៣០នាក់ មានរយៈពេលរៀនសូត្រ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ហើយកម្មវិធីសិក្សាអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធទូទៅរបស់កងរាជអាវុធហត្ថ មានរយៈពេល១ថ្ងៃ ធ្វើបទបង្ហាញដោយលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ជាគ្រូយោធាចារ្យ គឺជាថ្ងៃចុងក្រោយនៃវគ្គបំប៉ននេះ ចំពោះខ្លឹមសាររៀនសូត្រក្នុងវគ្គបំប៉ននេះ មានមុខវិជ្ជាយោធា៤០% - មុខវិជ្ជា អាវុធហត្ថ៣៥% - មុខវិជ្ជាច្បាប់២៥% និងមានគ្រូយោធាចារ្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគ្រូឧទ្ទេសនាមដែលមាន បទពិសោធន៍ការងារជំនាញនៅក្នុងអង្គភាព និងគ្រូឧទ្ទេសនាម មកពីស្ថាប័ន តុលាការ និងអយ្យការផងដែរ៕