(ភ្នំពេញ)៖ លោក ឃួង សេ្រង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានណែនាំទៅមន្ដ្រីរាជការទាំង១២ខណ្ឌ និងមន្ដ្រីនៅក្នុងសាលារាជធានីភ្នំពេញផងដែរនោះ ចាប់ពីពេលនេះតទៅ ត្រូវតែលុបបំបាត់ជំងឺតួឯកឲ្យខានតែបាន នៅលើកិច្ចការបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន។
ការថ្លែងយ៉ាងដូច្នោះក្នុងឱកាសដែលលោក ឃួង សេ្រង អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងលោក ចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ ជំនួសលោក អ៊ាង ស៊ីផាន ដែលត្រូវចាត់ឲ្យទៅប្រើការងារនៅសាលារាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ឃួង សេ្រង បានថ្លែងយ៉ាងដូច្នោះ «នៅពេលនេះជំងឺតួឯកត្រូវលុបបំបាត់ ហើយលទ្ធផលដែលបានជាផ្លែផ្កា បានដោយការខិតខំប្រឹងប្រែងរបស់សហការី មន្រ្តីរាជការទាំងអស់ ដែលបានចំណាយពេលវេលា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចូលរួមចំណែកក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ»។
លោក ឃួង សេ្រង ក៏បានណែនាំ លោក ចេង មុនីរ៉ា និងថ្នាក់ដឹកនាំខណ្ឌទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ក្នុង ការបំពេញការងារ របស់ខ្លួនដោយត្រូវបញ្ចេញឲ្យអស់នូវចំណេះដឹង សមត្ថភាព លទ្ធភាព និងពេទ្យកោសល ជាពិសេសស្វែងយល់ឲ្យស៊ីជម្រៅ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង រដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវពង្រឹងសមត្ថភាពដឹកនាំរបស់ខ្លួនជាប្រចាំ។
លោក ឃួង សេ្រង បានបញ្ជាក់ថា «ថ្នាក់ដឹកនាំ និងមន្រ្តីខណ្ឌទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ហើយខ្វះចំណុចមួយនេះទាំងបីពូកែប៉ុណ្ណា រៀនចប់មហាបរិញ្ញាក៏ដោយ ហើយបើខ្វះសាមគ្គីភាព កិច្ចការងារ មិនធ្វើដំណើរដោយរលូននោះទេ និងមិនប្រកបដោយជោគជ័យទេ ដែលជាចំណុចមួយយ៉ាងសំខាន់ណាស់ ហើយក៏មិនតែឥឡូវនេះទេ គឺតាំងពីសម័យអង្គរវត្ត ក៏បានលើកឡើងពីបញ្ហាសាមគ្គីភាពនេះដែរ...សាមគ្គីភាពជាកត្តាចម្បង»។
លោកបានបន្ថែមទៀតថា ក្នុងសម័យរដ្ឋកម្ពុជា ក៏បានលើកពីបញ្ហាសាមគ្គីភាពជាចម្បងដែរ ហើយឥឡូវនេះ ពាក្យសាមគ្គីភាព នៅស្ថិតស្ថេរចេរកាលដល់បច្ចុប្បន្ននឹងទៅអនាគត៕