(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានដាក់បញ្ជាឲ្យកម្លាំងនគរបាលជុំវិញខេត្ត ត្រូវចែកវេនប្រចាំការ២៤ម៉ោង នៅតាមប៉ុស្តិ៍ របស់ខ្លួនឲ្យបានតឹងរឹង បង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសនានាឲ្យដូចភ្លៀងរលឹម ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មិនត្រូវប្រកាន់បក្ខពួកខ្សែអ្នកនេះ ខ្សែអ្នកនោះឡើយ ត្រូវហ៊ានថាហ៊ានធ្វើហ៊ានទទួលខុសត្រូវ ត្រូវពង្រឹងបែងចែកតួនាទីភារកិច្ចរបស់ខ្លួន ត្រូវរួមគ្នាគិតរួមគ្នាធ្វើទៅតាមផែនការ។
លោកស្នងការដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់បែបនេះ ក្នុងពិធីប្រកាសបែងចែកក្របខ័ណ្ឌថ្មី ឆ្នាំ២០១៦ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ អធិការនគរបាលក្រុង-ស្រុក និងមន្ត្រីនគរបាលប្រមាណ ១២០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកស្រីវរសេនីយ៍ត្រី ឡេង សុគន្ធា នាយរងការិយាល័យបុគ្គលិក បានឲ្យដឹងថា មន្ត្រីនគរបាលដែលចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំមានចំនួន ១១១នាក់ (ស្រី ៣៧នាក់) ក្នុងនោះមានថ្នាក់អនុសេនីយ៍ត្រីចំនួន ៣៧នាក់ ព្រិន្ទបាលទោ ៦៤នាក់ ពលបាលត្រី ១០នាក់។
ចំពោះមន្ត្រីនគរបាលថ្មីត្រូវបានបែងចែងទៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨ និងការិយាល័យចំណុះស្នងការដ្ឋាន មានការិយាល័យសន្តិសុខផ្ទៃក្នុង ៣នាក់ ការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ៣នាក់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ១២នាក់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ២៣នាក់ អធិការដ្ឋានក្រុងស្ទឹងសែន ១០នាក់ អធិការដ្ឋានស្រុកបារាយណ៍ ១៤នាក់ អធិការនគរបាលដ្ឋានស្រុកសន្ទុក ៧នាក់ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៧នាក់ អធិការដ្ឋាននគរបាលស្រុកស្ទោង ១៣នាក់ អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ១០នាក់ អធិការដ្ឋានស្រុកប្រាសាទសំបូរ ១នាក់ និងអធិការដ្ឋានស្រុកសណ្តាន់ ៨នាក់។
លោកឧត្តមសេន៍ត្រី អ៊ុក កុសល បានណែនាំឲ្យមន្រ្តីនគរបាលជុំវិញខេត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្រពីសាលាដែលទទួលបានលទ្ធផលជាផ្លែផ្កា បើទោះបីសន្តិសុខមានភាពល្អប្រសើរក៏ដោយ តែកម្លាំងទាំងអស់ត្រូវរួមសហការ រួមកម្លាំងសាមគ្គីក្នុងអង្គភាពឲ្យបានល្អប្រសើរ មិនត្រូវប្រកាន់បក្ខពួកខ្សែអ្នកនេះខ្សែអ្នកនោះឲ្យសោះ ត្រូវហ៊ានថាហ៊ានធ្វើហ៊ានទទួលខុសត្រូវ ត្រូវពង្រឹងបែងចែកតួនាទីភារកិច្ចរបស់ខ្លួន ត្រូវរួមគ្នាគិតរួមគ្នាធ្វើទៅតាមផែនការ។
លោកបានដាក់បញ្ជាយ៉ាងតឹងរឹងឲ្យកម្លាំងទាំងអស់ ត្រូវចែកវេនប្រចាំការ ២៤ម៉ោង នៅតាមប៉ុស្តិ៍របស់ខ្លួន ត្រូវដាក់កម្លាំងត្រួតពិនិត្យកន្លែងងាយរងគ្រោះ ដូចជា កន្លែងលក់មាស កន្លែងដូរលុយ វេរលុយនៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់ពេលវេលា ត្រូវតាមដានពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសផ្សេងៗ ត្រូវត្រួតពិនិត្យផ្ទៀងផ្ទាត់អ្នកផ្លាស់ប្តូទីលំនៅរបស់ប្រជាពលរដ្ឋ ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំធ្វើអំពើល្អ ធ្វើជាគំរូល្អដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ដូចជា ការគោរពច្បាប់ចរាចរណ៍ ត្រូវមានការអភិវឌ្ឍខ្លួនជាប្រចាំ មានមនសិកាវិជ្ជាជីវៈ ក្រមសីលធម៌ជាមន្ត្រីនគរបាល មិនត្រូវជឿពាក្យការញុះញង់ ការលាបពណ៌គ្នាទៅវិញទៅមក និងសហការគ្រប់ជំនាញ។
លោកបានផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្តីសុខ និងទទួលបានសុខសន្តិភាព៕