(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជនរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចអនុវត្តការផ្តល់ «របបគោលនយោបាយ» ជូនអតីតយុទ្ធជន ដែលរៀបអាពាហ៍ពិពាហ៍គ្រាដំបូង និងមាតុភាព។
ការសម្រេចផ្តល់នេះ គឺត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជនលើកទី៤ អាណត្តិ ទី៣ ក្រោមអធិបតីភាពលោក សំហេង បុរស អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិអតីតយុទ្ធជន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួង។
កិច្ចប្រជុំនាពេលនេះ គឺត្រូវបានរៀបចំលើរបៀបវារៈចំនួន ៤ រួមមាន៖
១៖ ពិភាក្សាលើការស្នើសុំអនុម័តគម្រោងថវិកាឆ្នាំ២០១៨
២៖ ពិភាក្សាអំពីនីតិវិធីដាក់ឲ្យអនុវត្តតាវកាលិកអាពាហ៍ពិពាហ៍គ្រាដំបូង និងមាតុភាព
៣៖ ពិភាក្សាអំពីការស្នើសុំតែងតាំងមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុអម បេឡាជាតិអតីតយុទ្ធជន និង
៤៖ បញ្ហាផ្សេងៗ ។
នៅក្នុងកិច្ចប្រជុំនោះលោក សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាល បានសង្កត់ធ្ងន់ទៅលើរបៀបវារៈទី២ គឺការដាក់ឲ្យអនុវតាវកាលិកអាពាហ៍ពិពាហ៍គ្រាដំបូង និងមាតុភាព ដែលក្នុងន័យនេះ គឺរាជរដ្ឋាភិបាលបានគិតគូរ យ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសំដៅដល់ផលប្រយោជន៍ ដោយផ្តល់នូវប្រាក់របប គោលនយោបាយជូនដល់អតីតយុទ្ធជនទាំងពីរភេទ ដែលបានរៀបអាពាហ៍ពិពាហ៍គ្រាដំបូង និងជាពិសេសផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយមាតុភាពស្រ្តី ដែលជាអតីតយុទ្ធជន។
លើសពីនេះនៅឆ្នាំ២០១៨ខាងមុខនេះ រាជរដ្ឋាភិបាល នឹងតម្លើងប្រាក់បៀវត្សរ៍ទាបបំផុត៤៨ម៉ឺនរៀលជូន អតីតយុទ្ធជនគ្រប់ប្រភេទ ស្របពេលស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ។
ជាមួយគ្នានេះបេឡាជាតិអតីតយុទ្ធជន ត្រូវបានលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា សម្រេចប្រគល់សិទ្ធិជូននាយកបេឡាជាតិ អតីតយុទ្ធជន ក្នុងការចុះហត្ថលេខាលើសេចក្តីសម្រេច ពាក់ព័ន្ធនឹងការផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន សំដៅធ្វើយ៉ាងណា ជំរុញ ការងារនេះឲ្យបានឆាប់រហ័ស និងកាត់បន្ថយឲ្យបានជាអតិបរមានូវការថ្នាំងថ្នាក់ ពីអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជន និងដើម្បីលើកកម្ពស់ការងារអតីតយុទ្ធជន ឲ្យកាន់តែល្អប្រសើរឡើងថែម មួយកម្រិតទៀត។
សូមជម្រាបថា បច្ចុប្បន្នបេឡជាតិអតីតយុទ្ធជន បានគ្រប់គ្រងនូវការបើកផ្តល់ប្រាក់របបសន្តិសុខសង្គម នៅទូទាំងប្រទេស រួមទាំងគ្រប់គ្រងបាននូវស្ថិតិរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងមានដំណើរការផ្នែករដ្ឋបាលពេញលេញ ដែលអាចធានាបាននូវនិរន្តភាពក្នុងការគ្រប់គ្រង៕