(ភ្នំពេញ)៖ នៅរយៈពេល៦ខែដើម ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់បាន ចំនួន៥២៧៩ហិកតា រុករកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជិត២៣,០០០គ្រាប់។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំនេះ ស៉ីម៉ាក់បានដោះបញ្ចប់ចំការមីនចំនួន៣០៧ ដោយផ្តល់ ផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាង១១,០០០គ្រួសារ ហើយដីរំដោះបានភាគច្រើនជា ដីកសិកម្មនិងដីលំនៅដ្ឋាន។
ជាមួយគ្នានេះ អគ្គនាយករូបនេះ បានថ្លែងអំណរគុណចំពោះដៃគូអភិឌ្ឍន៍ទាំងអស់រួមមាន ជប៉ុន សហរដ្ឋអាមេរិក នរ័វេស្ស អូស្ត្រាលី ស្វីស អង្គការ UNDP អង្គការ NPA អង្គការ JMAS អង្គការ MAG អាជ្ញាធរមីន និងជាពិសេសរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋផ្ទាល់តែម្តង ដែលបានចូលរួមគាំទ្រដល់ស៉ីម៉ាក់ ដើម្បីធ្វើសកម្មភាពដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។
សូមជម្រាបថា ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការ ដោះមីននៅកម្ពុជា រហូតមកដល់ខែមិថុនា ឆ្នាំ២០១៧នេះ ស៉ីម៉ាក់បានរុករកឃើញ និងកំទេចចោលសំណល់ជាតិផ្ទុះគ្រប់ប្រភេទ បានចំនួន២,៦៦៥,៧៧២គ្រាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានូវ សេចក្តីសុខ សុវត្ថិភាពជូនប្រជាជនកម្ពុជា៕