(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានបន្ដជួយអន្តរាគមន៍ ពលករ-ពលការិនី ចំនួនខ្មែរ៥នាក់ទៀត ឲ្យត្រឡប់មកស្រុកកំណើតវិញ ក្រោយពីការចាញ់បោកមេខ្យល់ ទៅធ្វើការដោយខុសច្បាប់។ នេះបើយោងតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ពលករ-ពលការិនីខ្មែរចំនួនទាំង៥នាក់នោះ បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅម៉ាឡេស៊ីដោយខុសច្បាប់ តាមរយៈមេខ្យល់កាលពីឆ្នាំ២០១៦ ហើយបានទៅស្ថានទូត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៧ ដើម្បីគេចពីប្រតិបត្តិការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់របស់អាជ្ញាធរម៉ាឡេស៊ី។
លោក ជុំ សុន្ទរី បានបន្ថែមថា ពលករ-ពលការិនីខ្មែរទាំង៥នាក់នេះ រួមមាន ទី១៖ ឈ្មោះ ប៊ុត ភាព ភេទស្រី អាយុ៣៧ឆ្នាំ មកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម, ទី២៖ ឈ្មោះ ប៉េវ សុវ៉ាត ភេទប្រុស អាយុ២៧ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៣៖ ឈ្មោះ ឡាយ បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មកពីស្រុកសៀមបូក ខេត្តស្ទឹងត្រែង, ទី៤៖ ឈ្មោះ ធៀវ ភាព ភេទប្រុស អាយុ២៤ឆ្នាំ មកពីស្រុកស្រែបេង ខេត្តស្ទឹងត្រែង និងទី៥៖ ឈ្មោះ ឈ្មោះ ហួន ជា ភេទប្រុស អាយុ២២ឆ្នាំ មកពីស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោក ជុំ សុន្ទរី បានបន្ដថា ស្ថានទូតបានសម្របសម្រួល ជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដោយពលករ៣នាក់ (ឡាយ បូរ៉ា, ធៀវ ភាព និងហួន ជា) បានបង់ផាកពិន័យដោយខ្លួនឯង ចំណែកឯពលការិនី ប៊ុត ភាព និងស្វាមីឈ្មោះ ប៉េវ សុវ៉ាត ស្ថានទូតបានឧបត្ថម្ភថ្លៃបង់ពិន័យជូន ដោយសារពលការិនីមានផ្ទៃពោះ ហើយអ្នកទាំងពីរមានជីវភាពខ្វះខាត។ ក្រៅពីនេះ ស្ថានទូតក៏បានជូនពលការិនី ប៊ុត ភាព ដែលមានបញ្ហាសុខភាព ទៅកាន់មន្ទីរពេទ្យ និងបង់ថ្លៃព្យាបាលផងដែរ។
សូមជម្រាបថា តាមការស្នើសុំរបស់ស្ថានទូត អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) បានឧបត្ថម្ភសំបុត្រយន្តហោះ ជូនពលករ-ពលការិនីទាំង៥នាក់ ហើយពួកគេ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង១០៖០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ តាមជើងយន្តហោះ MH754។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភាគជូនពលករ-ពលការិនីទាំង៥នាក់ផងដែរ៕