(ភ្នំពេញ)៖ សម្រាប់ជំនន់ទឹកភ្លៀងដែលបាននិងកំពុងវាយលុកខេត្តចំនួន៣ គឺខេត្តកំពត ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានធូរស្រាលច្រើនហើយ ខណៈដែលទឹកទន្លមេគង្គ នឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដែលអាចឡើងដល់ក្នុងកម្រិតឲ្យមានការប្រុងប្រយ័ត្ន។ នេះបើយោងតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសុក្រនេះ។
លោក ចាន់យុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទិននឹងជំនន់ទឹកភ្លៀងនៅពេលនេះ គឺខេត្តកំពត ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺបានធូរស្រាលច្រើនមែនទែនហើយ ហើយអាងទឹកតាម៉ុក (ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) មកដល់ព្រឹកមិញនេះទឹកបានស្រក ក្រោមកម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន លើកលែងនៅតែ ខេត្តកំពង់ធំ ដែលទឹកហូរមកពីស្ទឹងសែន ដែលប៉ះពាល់ចុងក្រោយគេ»។
អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ទឹកជំនន់ទន្លេមេគង្គ និងបន្តឡើងមួយថ្ងៃពីរទៀត ហើយសម្រាប់ខេត្ត២ នៅភាគខាងលើគឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺទឹកអាចឡើងដល់កម្រិតមានការប្រកាសប្រុងប្រយ័ត្ន ប៉ុន្តែមិនដល់កម្រិត នៃការប្រកាសអាសន្នឡើយ ហើយសម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទឹកនឹងបន្តឡើងពី៣ទៅ៤ថ្ងៃទៀត ហើយវានឹងឡើងដល់ជិតកម្រិតឲ្យប្រកាស នៃការប្រុងប្រយ័ត្ន។
ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុវិញត្រូវបានលោក ចាន់ យុត្ថា អះអាងបន្ថែមថា ពុំមានបញ្ហាថែមទៀតឡើយ ទាំងនៅកម្ពុជារបស់យើង និងផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ដោយសារតែពុំមានភ្លៀងធ្លាក់ដែលបង្កឲ្យមានភ្លៀងធ្លាក់ក្លាយជាទឹកជំនន់ឡើងវិញនោះទេ។
ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដាស់តឿន ក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តឃ្លាំតាមដានមើល និងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ ឲ្យបានទាន់សភាពការណ៍។ នេះបើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ចុះផ្សាយនៅព្រឹកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវតាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវបន្តឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍។ សូមបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច»។
សូមជម្រាបថា តាមការប្រកាសរបស់ក្រសួងធនធានទឹក ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជា ទាំងមូលមានការកើនឡើង។ ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ បានបង្កឲ្យខេត្តមួយចំនួន កំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេ ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត៕