(កណ្តាល)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet's Group និងជាប្រធានចលនាយុវជនកម្ពុជា សាខាខេត្តកណ្តាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារយុវជន១៥៧ ទៅចុះសួរសុខទុកនិងនាំយកអំណោយជួយជនរងគ្រោះ ដែលបានឆក់ខ្សែរភ្លើង ដែលបណ្តាលឲ្យពិកាដៃទាំងសង។
ការចុះសួរសុខនិងនាំយកអំណោយខាងលើនេះ ក្រោយមានការណែនាំពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា១៥៧ ដោយមើលឃើញថា ជនរងគ្រោះគួរឲ្យអាណិត ហើយជនរងគ្រោះមានឈ្មោះ អ៉ីត សារីម អាយុ២៦ឆ្នាំ ដែលមានមុខរបរជួសជុលម៉ូតូ ស្ថិតនៅឯភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (គល់ស្ពានអ្នកលឿងត្រើយខាងលិច)។
លោកឧកញ៉ាបានលើកឡើងថា «ការងារមនុស្សធម៌គឺខ្ញុំចង់បំផុស ឲ្យដៃគូវិនិយោគរបស់ខ្ញុំចួលរួមមិនថាតិចឬច្រើន ដំបូងឡើយមនុស្ស អត់ចង់ធ្វើបុណ្យទេ តែដល់ពេលធ្វើយូរៗទៅចង់ធ្វើទៀត ខ្ញុំជឿជាក់ ហើយសព្វថ្ងៃខ្ញុំមានការងារមនុស្សធម៌ជាច្រើន ខាងយោធា យុវជន និងការចែករំលែកបទពិសោធន៍នានា ហើយយើងអាចបណ្តុះផ្នត់គំនិត ឲ្យក្មេងៗចេះចែករំលែក និងមួយវិញទៀតអាចឲ្យបរទេស មើលឃើញថា ស្រុកខ្មែរខ្វះខាតច្រើន ចឹងគាត់អាចទាញយកលុយមូលនិធិផ្សេងៗ យកមកជួយស្រុកខ្មែរវិញ»។
លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ការនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគនេះ ដោយមានការឧបត្ថម្ភពីសប្បុរសជនក្នុង ប្រទេសនិងក្រៅប្រទេសដែលរួមមាន៖ ជនជាតិឥណ្ឌា សិង្ហបុរី និងភីលីពីន។
អំណោយដែលប្រគល់ជូនជនរងគ្រោះរួមមាន៖ ថវិកាចំនួន ៤,៦០០,០០០រៀល, អង្ករ១០០គីឡូក្រាម, មី៨កេស, ប្រេងឆា៥លីត្រ, ទឹកសុទ្ធ៤យួរ, នំធុង៦ធុង, ទឹកផ្លែឈើ១កេស, អំបិល១គីឡូក្រាម, ស្ករស១គីឡូក្រាម, បីចេង១គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកដោះគោឆៅ១យួរ, ទឹកត្រី១យួរ។
សួមបញ្ជាក់ថា លោក អ៉ីត សារីម កាលពីជាង២ខែមុន បានរងគ្រោះថ្នាក់ឆក់ខ្សែភ្លើងខណៈពេលដែលគាត់ ឡើងទៅជួសជុលដំបូល ប្រក់ស័ង្កសីឱ្យម្ដាយក្មេក ហើយដែកដែលគាត់កាន់ត្រូវបាន ខ្សែភ្លើងបីខ្សែ (ខ្សែភ្លើងឆៅកម្លាំងខ្លាំង) ស្រូបគាត់បន្តថាពេលដែលឆក់ភ្លាមឮ សំឡេង ផ្ទុះបន្តិច ក៏ធ្លាក់ពីលើដំបូល។
បើបងប្អូនចង់ជួយឧបត្ថម្ភលោក អ៉ីត សារីម អាចទាក់ទងទូរសព្ទលេខ 088 492 3975 ៕