(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជាគោលដៅទេសចរណ៍ តំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដែលនេះគឺជាយុទ្ធសាស្ត្រនៃការការពារធនធានធម្មជាតិរយៈពេលយូរអង្វែង។
លោករដ្ឋមន្ត្រីបានថ្លែងប្រាប់ Fresh News នៅថ្ងៃទី២៨ ខែកក្កដា នេះថាដោយពន្យល់ថា៖ «នៅពេលដែលមានភ្ញៀវទេសចរទៅកាន់តំបន់អភិរក្ស ឬសហគមន៍ ព្រៃឈើនោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នឹងទទួលបានចំណូលពីភ្ញៀវទេសចរដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរ។ ពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញព្រោះក្រៅពីទទួលបានចំណូលពី ភ្ញៀវទេសចរ ពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរកអនុផលព្រៃឈើបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ»។
រដ្ឋមន្រ្តីវ័យក្មេង ជំនាញបរិស្ថានបានសង្កត់ធ្ងន់ថា៖ «នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ នៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធាន ធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល»។ ជាមួយគ្នាលោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរកំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជាដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបច្ចុប្បន្នសុទ្ធសឹងតែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍ គួរតែធ្វើដំណើរទៅកាន់តំបន់ អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពលទេសចរណ៍។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥ លានហិកតាដែលមានសហគមន៍ព្រៃឈើចំនួន១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង ដែលកំពុងរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ធម្មជាតិទាំងនោះដូចជាតំបន់ទេសចរណ៍ធម្មជាតិជីផាត់ គីរីរម្យ ចំបក់ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និង តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាដើម៕