(ភ្នំពេញ)៖ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ និងការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិ និងយោងសច្ចាប័នលេខ ០០៥/២០១៧ ប.ជ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្តីពីការប្រើប្រាស់កម្លាំងអន្តរាគមន៍ ពេលមានគ្រោះមហន្តរាយ ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងពតូចទ័ពពិសេសឆត្រយោង៩១១ បានបញ្ជាក់ថា កងពលរបស់លោក បានត្រៀមលក្ខណៈកម្លាំង មធ្យោបាយ សម្ភារៈ និងក្រើនរំលឹកដាស់តឿនដាច់ខាតយកចិត្តទុកដាក់ដោយពុំទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ទទួលរងគ្រោះថ្នាក់ ដោយសារគ្រោះអាសន្ននោះឡើយ។
ជាក់ស្ដែងនូវព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី បានធ្វើការត្រួតពិនិត្យកងកម្លាំងមធ្យោបាយ និងគ្រឿងសម្ភារៈបំពាក់ សំដៅធានាបម្រើឲ្យ ដល់កិច្ចការងារសង្គ្រោះឲ្យមានប្រសិទ្ធិភាព។
ពាក់ព័ន្ធទៅនឹងយុទ្ធសាស្រ្ត និងសភាពការណ៍ជាក់ស្តែងបច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី បានផ្តល់អនុសាសន៍មួយចំនួន និងណែនាំវិធីសាស្រ្តក្នុងការបែងចែក ដាក់ពង្រាយកម្លាំងជា៣ផែន៖ កម្លាំងផែនទី១៖ មានចំនួន២៣នាក់ ប្រចាំទិសព្រះវិហារ បំពាក់ដោយអូប័រចំនួន០៥គ្រឿង រថយន្តធន់ធំចំនួន០៣គ្រឿង ទៅប្រចាំការនៅទីបញ្ជាការកងពលអន្តរាគមន៍លេខ២ ស្រុកបន្ទាយស្រី ខេត្តសៀមរាប, ផែនទី២៖ មានចំនួន២៧៧នាក់ ចែកចេញជាពីរក្រុម ក្រុមទី១ មានកម្លាំងចំនួន៦៤នាក់ រថយន្ត០៤គ្រឿង អូប័រស្មាច់១៥គ្រឿង សម្រាប់អន្តរាគមន៍តាមដងទន្លេសាប បណ្តោយទន្លេមេគង្គ និងតាមស្ទឹងព្រែកត្នោត ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ លេខ៤ និង ផ្លូវជាតិលេខ៥។ ក្រុមទី២ មានកម្លាំងចំនួន ២១៣នាក់ សម្រាប់អន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងជួយដឹកជញ្ជូនទ្រព្យសម្បត្តិ សត្វធាតុ ពីផ្ទះសំបែង ដែលកំពុងរងការគម្រាមកំហែងដោយទឹកជំនន់ ខ្យល់ព្យុះ និងបាតុភូតផ្សេងៗទៀត, ផែនទី៣ មានចំនួន២០០នាក់ ជាកម្លាំងត្រៀមបម្រុង។
ក្នុងការត្រៀមលក្ខណៈ២៤ម៉ោងលើ២៤ម៉ោងនោះ មានកម្លាំងសរុប៥០០នាក់ រថយន្ត០៨គ្រឿង រថយន្តសង្រ្គោះ០៣គ្រឿង ប្រភេទទូកម៉ាស៊ីន(អូប័រ) ២៥គ្រឿង និងមានត្រៀមនូវស្បៀងអាហារ និងសម្ភារៈបរិក្ខាមួយចំនួនទៀត។
ក្រៅពីត្រៀមលក្ខណៈជួយអន្តរាគមន៍នេះ កងពលក៏បានត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ តាមជើងអាកាសនៅពេលមានករណីបន្ទាន់ចាំបាច់ និងត្រៀមចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធានាដល់ កិច្ចប្រតិបត្តិការទទួលបានជោគជ័យ៕