(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែង អភិបាលខណ្ឌច្បារអំពៅថ្មីជាផ្លូវការ ដោយលោក ចេង មុនីរ៉ា ជំនួសលោក អ៊ាង ស៊ីផាន ដែលត្រូវផ្ទេរឲ្យទៅបម្រើការងារ នៅសាលារាជធានីភ្នំពេញវិញ។
ពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការនេះ ក៏មានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងលោក ចេង មុនីរ៉ា បច្ចុប្បន្នជាអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលខណ្ឌច្បារអំពៅ ដោយឡែកលោក អ៊ាង ស៊ីផាន ត្រូវបានផ្ទេរឲ្យទៅបម្រើការនៅសាលារាជធានីភ្នំពេញ៕