Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បន្តដាស់តឿន អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ឲ្យបានទាន់សភាពការណ៍ (Video inside)

28-07-2017 08:32

(ភ្នំពេញ)៖​ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដាស់តឿន ក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តឃ្លាំតាមដានមើល និងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ ឲ្យបានទាន់សភាពការណ៍។ នេះបើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ចុះផ្សាយនៅព្រឹកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវតាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវបន្តឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍។ សូមបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច»

Facebook របស់សម្តេចតេជោ បានលើកឡើងថា នៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហា ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងទឹកជំនន់ដែលបណ្តាលឲ្យ​ខូចខាតផ្ទះសម្បែងនៅតាមតំបន់ ក្នុងបណ្តាខេត្តមួយចំនួន។ ជាការពិត គឺ​​​​ សម្តេចតេជោ ហ៊ុន សែន តែងតែនៅគ្រប់គ្រងស្ថានភាព សន្តិសុខប្រទេសជាតិ និងរិះរកនូវដំណោះស្រាយបន្ទាន់ ចាំបាច់នានា ជូនប្រជាពលរដ្ឋជាប់ជានិច្ច គឺទាំងក្នុងពេលដែលប្រជាពលរដ្ឋ កំពុងរស់នៅសុខស្រួល និង ក្នុងពេលដែលប្រជាពលរដ្ឋ កំពុងជួបប្រទះបញ្ហា។

សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តី ដែលមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះប្រទេសជាតិ ហើយតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់។ នេះហើយជាគុណធម៍របស់មេដឹកនាំ ដែលទទួលបានការគោរពស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈទូទាំងប្រទេស។

សូមជម្រាបថា តាមការប្រកាសរបស់ក្រសួងធនធានទឹក ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជា ទាំងមូលមានការកើនឡើង។ ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ បានបង្កឲ្យខេត្តមួយចំនួន កំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេ ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត៕