(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាម Amanah Ikhtiyar Microfinance របស់ប្រទេសម៉ាឡេស៊ី នឹងបើកដំណើរការនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានធ្វើការសិក្សាស្វែងយល់អស់រយៈពេលមួយឆ្នាំកន្លងទៅ ហើយពិនិត្យឃើញថា វិស័យមីក្រូហិរញ្ញវត្ថុ គឺជាផ្នែកមួយដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា ហើយក៏កំពុងតែផ្តល់នូវភាពជោគជ័យ ទៅកាន់ភាគីវិនិយោគទាំងមីក្រូហិរញ្ញវត្ថុ និងធនាគារ។
ការថ្លែងបែបនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ បានទទួលជួប គណៈប្រតិស្ថាប័នមីក្រូហិរញ្ញវត្ថុម៉ាឡេស៊ី ដឹកនាំដោយលោក SAYED HASSAN AL SAGAFF ប្រធានគម្រោងធនាគារអភិវឌ្ឍន៍ឥស្លាម (IDB) ដែលជាដៃគូរដាក់ទុនវិនិយោគជាមួយ Amanah Ikhtiyar Microfinance។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា Amanah Ikhtiyar Microfinance កំពុងសហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ហើយគ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដែលនឹងចូលរួមក្នុងការទ្រទ្រង់ការផ្តល់ហិរញ្ញប្បទាន លក្ខណៈជាទ្រង់ទ្រាយតូចសិន ហើយការផ្តល់ហិរញ្ញប្បទាន គឺនឹងផ្អែកទៅលើក្របខណ្ឌសាសនាឥស្លាម ដែលមិនមានយកការប្រាក់ឡើយ គ្រាន់តែបង់ថ្លៃសេវាសមរម្យប៉ុណ្ណោះ។
លោកបន្តថា គ្រឹះស្ថានបែបនេះ ពិតជានឹងដំណើរការល្អប្រសើរជាមិនខាន វាជាផ្នែកមួយនៃការលើកស្ទួយ និងទ្រទ្រង់ដល់សហគ្រិនវ័យក្មេង ដែលពុំសូវមានដើមទុន អាចមានគំនិត្យចាប់ផ្តើមការវិនិយោគរបស់ខ្លួន ក្នុងទំហំសាច់ប្រាក់ ឬដើមទុនតូចល្មម ព្រមទាំងមិនមានហានិភ័យខ្ពស់ ស្តីពីបញ្ហាសងប្រាក់បំណុលឡើយ ព្រោះកម្ចីមិនត្រូវបានគិតពីការប្រាក់ទេ។
ភាគី Amanah Ikhtiyar Microfinance បានបញ្ជាក់ថា ទោះបីក្នុងជំហានដំបូង យើងនឹងចាប់ផ្តើមពីការផ្តល់កម្ចីដើមទុនធនតូច តែគ្រឹះស្ថាននេះនឹងវិវត្តជាបណ្តើរៗ ក្នុងខណៈជាការទទួលពីបទពិសោធន៍ផង និងប្រើពេលវេលា ដើម្បីស្វែងរកដៃគូរវិនិយោគឲ្យកាន់តែមានទំហំដើមទុនធំបន្ថែមទៀត។
Amanah Ikhtiyar Microfinance ក៏បានចាប់ផ្តើមឲ្យភាគីដៃគូរនៅកម្ពុជា គឺអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដើម្បីជ្រើសរើសបុគ្គលិកបម្រុង១០រូប ជាជំហានដំបូង ត្រៀមខ្លួនចេញទៅសិក្សាជំនាញ មីក្រូហិរញ្ញវត្ថុឥស្លាម នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងចេញដំណើរនៅខែតុលា ឆ្នាំ២០១៧ខាងមុខនេះ៕