(ត្បូងឃ្មុំ)៖ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីកាំកុងត្រូលប្រចាំ នៅច្រកទ្វារព្រំដែនដូនរ័ត្ន និងចាន់មូល ដឹកនាំដោយលោកប្រធានប៉ុស្តិ៍ ឈិនលីម សាវុធ នៅម៉ោង៣៖៣០នាទីទៀបភ្លឺ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យគុណភាព បន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាម។
លោកប្រធានប៉ុស្តិ៍ ឈិនលីម សាវុធ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា លោករួមទាំងមន្ត្រីកាំកុងត្រូលប្រចាំប៉ុស្តិ៍ តែងតែត្រួតពិនិត្យជាប់ជាប្រចាំ ដោយឡែកថ្ងៃនេះ នៅតែបន្តត្រួតពិនិត្យ ទំនិញនាំចូលពីប្រទេសវៀតណាម ដូចជាមើមខ្ទឹមស មើមខ្ទឹមក្រហម និងស្លឹកខ្ទឹម និងបន្លែផ្លែឈើជាច្រើនមុខទៀត ដើម្បីរកទំនិញហាមឃាត់ ខូចគុណភាព និងផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋជាអ្នកទទួលទាន ជាក់ស្តែងបន្ទាប់ពីការត្រួតពិនិត្យពុំបានប្រទះឃើញ ទំនិញហាមឃាត់នោះទេ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការណែនាំ ដល់អាជីវករដែលនាំទំនិញចូលកម្ពុជាទាំងអស់ ទាំងជនជាតិវៀតណាម និងជនជាតិខ្មែរយើង ហាមដាច់ខាតមិនឲ្យមាន ការនាំយកទំនិញហាមឃាត់ ខូចគុណភាព ជាពិសេសផ្ទុកនូវសារធាតុគីមី មកលក់ជូនប្រជាជននៅក្នុងផ្សារមេមត់ ក៍ដូចជាទូទាំងប្រទេសនោះឡើយ ដើម្បីឲ្យប្រពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស ទទួលបានទំនិញមានគុណភាព សម្រាប់ទទួលទាន និងសុខភាពល្អគ្រប់ៗគ្នា៕