(ណាននីង, ក្វាងស៊ី, ចិន)៖ អ្នកព័ត៌មានកម្ពុជា ដែលដឹកនាំដោយលោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា៦០០គីឡូម៉ែត្រ ពីទីក្រុងណាននីង ឆ្ពោះទៅកាន់ទីក្រុងប៉ៃសឺ នៃខេត្តក្វាង ស៊ី ដើម្បីទស្សនកិច្ចសិក្សាពីការសាងសង់វារីអគ្គិសនីដ៏ធំមួយនៅតំបន់ភ្នំជាយក្រុងប៉ៃសឺ។
ការធ្វើដំណើរពីទីក្រុងណាននីង ទៅកាន់ខេត្តប៉ៃសឺ ត្រូវបានធ្វើឡើងដោយជិះរថភ្លើងល្បឿនលឿន ហើយពីទីក្រុងណាននីង ទៅដល់ទីក្រុងប៉ៃសឺ ត្រូវចំណាយពេលប្រមាណជា ២ម៉ោង។ វារីអគ្គិសនីប៉ៃសឺនេះ ស្ថិតនៅតាមជួរភ្នំជាយក្រុង ហើយត្រូវបានគេទប់ទន្លេយួនតែម្តង ដើម្បីយកទឹកដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនី។
លោកស្រី ដឹង ហ្ស៊ីជៀន ប្រធានការិយាល័យទំនាក់ទំនងនៃវារីអគ្គិសនីប៉ៃសឺ បានឲ្យដឹងថា វារីអគ្គិសនីប៉ៃសឺ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០១ ហើយដាក់ ឲ្យដំណើរការជាផ្លូវការនៅឆ្នាំ២០០៦។ បើតាមលោកស្រី ដឹង ហ្ស៊ីជៀន វារីអគ្គិសនីប៉ៃសឺ បង្កើតឡើងដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងខេត្តក្វាងស៊ីទាំងមូល ដែលមានតម្រូវការថាមពលអគ្គិសនីចាំបាច់សម្រាប់បំពេញការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម។
លោកស្រី ដឹង ហ្ស៊ីជៀន បានបន្តឲ្យដឹងថា វារីអគ្គិសនីប៉ៃសឺ មិនត្រឹមតែមានតួនាទីសម្រាប់ផលិតថាមពលអគ្គិសនីនោះទេ តែក៏បានដើរតួនាទីសម្រាប់រំដោះទឹក ទាញយកទឹកស្រោចស្រប់ដំណាំ និងបានសាងសង់ផ្លូវសម្រាប់ដឹកជញ្ជូនផងដែរ។
លោក លូ ប្រធានគ្រប់គ្រងបច្ចេកទេសនៃវារីអគ្គិសនីប៉ៃសឺ បានឲ្យដឹងថា វារីអគ្គិសនីប៉ៃសឺ សាងសង់ឡើងដោយចំណាយថវិកាប្រមាណ ១ពាន់លានដុល្លារអាមេរិក ហើយអាចផលិតថាមពលអគ្គិសនីបាន ៥៤០មេហ្គាវ៉ាត់នៅក្នុងមួយម៉ោង។ លោក លូ ក៏បានឲ្យដឹងផងដែរ បើគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលបច្ចុប្បន្នវារីអគ្គិសនីប៉ៃសឺ បានផលិតថាមផ្គត់ផ្គង់ការប្រើប្រាស់ចំនួន ១៣ម៉ឺនមេហ្គាវ៉ាត់។
វារីអគ្គិសនីប៉ៃសឺ មានម៉ាស៊ីនសម្រាប់ដំណើរការផលិតថាមពលចំនួន៤ ហើយម៉ាស៊ីនមួយអាចផលិតបានថាមពលអគ្គិសនី ១៣០មេហ្គា វ៉ាត់នៅក្នុងមួយម៉ោង។ នេះបើតាមការបញ្ជាក់របស់លោក លូ។
វារីអគ្គិសនីប៉ៃសឺ មានសំណង់ទ្វារទប់ទឹក ដែលសង់ឡើងនៅចន្លោះជួរភ្នំកាត់ទន្លេយួន កម្ពស់ប្រមាណ ២០០ម៉ែត្រ ហើយជីកអាងសម្រាប់ស្តុកទឹកមួយយ៉ាងធំ។ អាងស្តុកទឹកនេះ អាចរក្សាទឹកជម្រៅប្រមាណ ៨៨ម៉ែត្រ។ ក្រៅពីការសាងសង់សំណង់ទ្វារទឹកយ៉ាងរឹងមាំហើយនោះ វារីអគ្គិសនីប៉ៃសឺ ក៏ត្រូវបានប្រើបច្ចេកវិទ្យាទំនើបសម្រាប់បង្កានូវហានិភ័យផ្សេងៗ ជាពិសេសតាមដានសំណង់ទ្វារទឹក។
លោកស្រី ដឹង ហ្ស៊ីជៀន បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន បានលើកទឹកចិត្ត និងជំរុញយ៉ាងខ្លាំងដល់ការសាងសង់វារីអគ្គិសនី ព្រោះវារី អគ្គិសនី បានជួយផ្តល់នូវថាមពលអគ្គិសនី សម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនលូតលាស់នៃឧស្សាហកម្ម នៅក្នុងខេត្តក្វាងស៊ីទាំងមូល។
លោកស្រី ដឹង បានគូសបញ្ជាក់ថា វារីអគ្គីសនីមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននោះទេ ផ្ទុយទៅវិញវារីអគ្គិសនី បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្តែងវារីអគ្គសិនីប៉ៃសឺ ក្រៅពីទាញយកថាមពលអគ្គិសនី បានជួយបញ្ចៀសទឹក ជំនន់របស់ប្រជាពលរដ្ឋនៅរដូវភ្លៀង ហើយបានរក្សាទឹកសម្រាប់ស្រោចស្រប់ដំណាំនៅរដូវប្រាំងផងដែរ។
ក្រុមអ្នកព័ត៌មានកម្ពុជា បានស្ងប់ស្ញែងជាខ្លាំងចំពោះការអភិវឌ្ឍវិស័យវារីកអគ្គិសនីរបស់ចិន ដែលជាហេតុធ្វើឲ្យចិត្តមានថាមពលអគ្គិសនី គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាជន និងបំពេញតម្រូវការផ្នែកឧស្សាហកម្ម។ ក្រុមអ្នកព័ត៌មានកម្ពុជា ក៏បានបង្ហាញ ការចង់ឃើញកម្ពុជាបង្កើតវារីអគ្គិសនី ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីចៀសផុតពីការទិញថាមពលអគ្គិសនីពីប្រទេសជិតខាង៕