(ភ្នំពេញ)៖ គ្រូជនជាតិបរទេសដែលបង្រៀន នៅសាលាអន្តរជាតិ GOLDEN BRIDGE ពាក់ព័ន្ធរឿងនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ នឹងបន្តសាកសួរ នៅថ្ងៃស្អែកទៀត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់គ្រូបរទេសរូបនេះ ពីបទ «ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស» ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦ និងមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីព្រះរាជអាជ្ញារង បានបើកការសើបសួរដោយចោទប្រកាន់លើឈ្មោះ Mark Andrew Smith ពីបទប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ បានសម្រេចបញ្ជូនទាំងជនសង្ស័យ និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ហើយនីតិវិធីនឹងបន្តនៅថ្ងៃស្អែក។
បទល្មើសប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។
មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។
ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ ដើម្បីធ្វើការដោះស្រាយប៉ុណ្ណោះ៕