(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូខេត្ត ចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃកិច្ចអភិវឌ្ឍន៍របស់ភូមិ ឃុំសង្កាត់ នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប។
បើតាមការលើកឡើងរបស់ លោកចៅសង្កាត់ចុងឃ្នៀស ប្រជាពលរដ្ឋនៅតំបន់ចុងឃ្នៀស ភាគច្រើនជាប្រជានេសាទ ដែលរស់នៅលើភូមិបណ្តែតទឹក ដោយតម្រូវការរបស់ប្រជាជន គឺឲ្យអាជ្ញាធរបានផ្តល់នូវដីសម្រាប់ឲ្យបងប្អូនសាងសង់លំនៅដ្ឋាន និងដាំដុះដំណាំនៅរដូវប្រាំង ហើយនៅរដូវវស្សាបងប្អូនក៏រស់នៅលើទឹកដដែល ដោយបងប្អូនគ្មានលទ្ធភាព ចាក់ដីបំពេញដីភូមិរបស់ខ្លូន។
ប្រជាពលរដ្ឋដែលជាជនជាតិខ្មែរឥស្លាម បានសំណូមសុំឲ្យជួយចាក់ដីបំពេញទីធ្លាសាលារៀន ដើម្បីសិស្សានុសិស្ស មានទីធ្លាលេងកម្សាន្ត និងដាក់ទុកកង់ ព្រមទាំងសូមកុំឲ្យរថយន្តដឹកដីធំៗ បើកបរលឿនៗ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ សំខាន់សិស្សសាលា និងធ្វើឲ្យដីធ្លាក់ប្រឡាក់ផ្លូវ ធ្វើឲ្យប៉ះពាល់បរិស្ថាន អនាម័យ និងសុខភាពប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់លោកចៅសង្កាត់ ក៏ដូចប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាបរិស្ថាន អនាម័យនៅក្នុងភូមិ សំខាន់នៅតំបន់ចុងឃ្នៀសទាំងមូលដែលជារមណីយដ្ឋានធម្មជាតិ ប្រកបទៅដោយព្រៃលិចទឹក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ភូមិបណ្តែតទឹក បឹងទន្លេសាប។
អភិបាលខេត្តក៏បានឆ្លើយតបទៅរាល់សំណូមពររបស់ប្រជាពលរដ្ឋ និងលោកចៅសង្កាត់ អំពីបញ្ហាតម្លៃការប្រើប្រាស់ភ្លើងអគ្គិសនី នៅតំបន់ចុងឃ្នៀស ត្រូវបានប្រគល់កិច្ចការនេះ ជូនអាជ្ញាធរក្រុង ដើម្បីធ្វើកិច្ចពិភាក្សាជាមួយក្រុមហ៊ុនអគ្គិសនី ក្នុងការសម្រួលតម្លៃភ្លើងប្រើប្រាស់ ឲ្យបានសមស្របដែលប្រជាពលរដ្ឋអាចទទួលយកបាន។ បន្ថែមពីនេះលោក ឃឹម ប៊ុនសុង បានចុះពិនិត្យមើលពីស្ថានភាពផ្លូវ ក្នុងភូមិ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងមកនេះ និងដើម្បីធ្វើការសិក្សាអំពីស្ថានភាពផ្លូវក្នុងភូមិចុងឃ្នៀស តើត្រូវស្ថាបនាទៅតាមរបៀបណា ក្នុងការបញ្ជៀសនូវការលិចទឹកនៅរដូវវស្សា ពីព្រោះថា ភូមិដ្ឋានបងប្អូនរស់នៅ គឺស្ថិតជាប់នឹងបឹងទន្លេសាប។
លោកបានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្នុងមូលដ្ឋាននេះ ចាំបាច់ត្រូវទាមទារការសិក្សាឲ្យបានល្អិតល្អន់ ដើមី្បជៀសវាងកុំឲ្យមានការខាតបង់ថវិការបស់រដ្ឋ ដោយឡែកបញ្ហារថយន្តធំៗដឹកដី ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន អនាម័យ និងសុខភាពប្រជាជន លោកក៏សុំឲ្យមន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ រួមសហការគ្នាមានវិធានការចំពោះបញ្ហានេះ ដោយធ្វើការណែនាំដល់ក្រុមហ៊ុន និងធ្វើការអប់រំដល់អ្នកបើកបរទៀតផង។
ដោយស្ថានភាពអាកាសធាតុ មានការប្រែប្រួលផងនោះ លោកអភិបាលខេត្ត បានបញ្ជាក់ប្រាប់ថា ទោះបីនៅតាមបណ្តាខេត្តជិតខាង ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ អាជ្ញាធរខេត្តសៀមរាប ក៏ដូចគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានត្រៀមលក្ខណៈរួចជាស្រេច ក្នុង ការចុះជួយអន្តរាគមន៍ បើមានកើតឡើង។ ក្នុងរយៈពេលកន្លងមកខេត្តសៀមរាប ក៏តែងទទួលរងគ្រោះដោយ ជំនន់ទឹកភ្ញៀង តែដោយកិច្ចសហការល្អជាមួយអាជ្ញាធរអប្សរា ដែលបានបើកផ្លូវទឹក ដើម្បីបញ្ជៀសការលិចលង់ ក្រុងសៀមរាប មានរយៈពេល៣ឆ្នាំមកហើយ ចំពោះការលិចនៅតាមផ្លូវក្នុងក្រុង ដោយប្រព័ន្ធលូក្រោមដីហូរមិនទាន់។
ដោយឡែកអភិបាលខេត្ត ក៏បានបញ្ជាក់ពីគម្រោងស្តារស្ទឹងសៀមរាប និងប្រឡាយនោះ ចំពោះរាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងហិរញ្ញវត្ថុដោះស្រាយបានរួចរាល់ នៅសល់តែ៥%ប៉ុណ្ណោះដែលក្រសួងនៅធ្វើការចរចារ ដោយពួកគាត់សុំនៅទីតាំងចាស់ ក្រោយពេលវាស់កាត់ដីចំណីស្ទឹង និងប្រឡាយរួច ហើយក្រសួងធនធានទឹក នឹងចាប់ផ្តើមស្តារនៅពេលឆាប់ៗ ហើយចំពោះអ្នកដែរនៅសល់គឺធ្វើការ ចរចារបន្ថែម ហើយក៏មិនអាចប្រឆាំងនឹងច្បាប់បានផងដែរ។ អភិបាលខេត្ត បានសម្រេចផ្ដល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលជាតម្រូវការចំបាច់សម្រាប់ពួកគាត់ ហើយលោកក៏បន្ដជួបបងប្អូនប្រជាពលរដ្ឋក្រីក្រទៅតាមខ្នងផ្ទះ ប្រមាណជាង១០០គ្រួសារ ព្រមទាំងបានផ្តល់ថវិកាមួយចំនួនផងដែរ៕