(ក្រចេះ)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានចេញដីកាឃុំខ្លួន កូនប្រុសបង្កើតរបស់មេញ្ជាការអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងត្រូវជាក្មួយប្រុសបង្កើត លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់។ នេះបើយោងតាមមន្ត្រីតុលាកាខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ។
ជនត្រូវចោទដែលត្រូវជាកូនប្រុស និងក្មួយប្រុសរបស់ថ្នាក់ដឹកនាំអាវុធហត្ថខេត្តមណ្ឌលគីរី ខាងលើនេះឈ្មោះ សាក់ ភារម្យ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពី «បទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន» ដែលបានប្រព្រឹត្តកាលពីដើមខែមករា ឆ្នាំ២០១៧។
ជននេះក៏ត្រុវបានតុលាការខេត្តក្រចេះ កាលពីដើមខែមិថុនា ចេញដីកាបង្គាប់ឲ្យនាំខ្លួន មកកាត់ទោសទៀតផង ប៉ុន្តែទើបនៅក្នុងប៉ុន្មានថ្ងៃនេះ ក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ ក៏ឈានទៅការឃាត់ខ្លួន រហូតចេញដីកា ឃុំដាក់ពន្ធនាគារជាបណ្តោះអាសន្នតែម្តង៕