(ក្រចេះ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះថ្មី ដែលត្រូវឡើងតំណែងជំនួសប្រធានចាស់ ឲ្យបង្កើនការយកចិត្តទុកដាក់ រួមសហការឲ្យស្អិតរមួតជាមួយនឹងអង្គភាពស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលបង្ហាញណែនាំ របស់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ក៏ដូចជាក្រសួង និងរួមគ្នាបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត។
ការជំរុញបែបនេះរបស់ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ធ្វើឡើងនាឱកាសដែលលោក បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាស
តែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះថ្មី ដោយលោក ជា វេង ជំនួសលោក ស៊ុ ស៊ីណាម៉េន ដែលត្រូវបានចូលនិវត្តន៍ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តក្រចេះនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំបំពេញ
បន្ថែមនូវក្បាលម៉ាស៊ីនដឹកនាំ មន្ទីរពាណិជ្ជកម្មខេត្តដ៏ពេញលេញមួយ ដែលនឹងអាចជួយដល់ការពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង
ដឹកនាំអង្គភាពនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែរឹងមាំថែមទៀត។
លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រមុខអ្វីៗដែលជាបញ្ហាប្រឈមត្រូវបាន កាត់បន្ថយ និងជម្នះបានជាជំហានៗ។ លំហូរនៃការវិនិយោគពីខាងក្រៅ រួមមានវិស័យទេសចរណ៍ ផលិតកម្មកសិកម្ម ឧស្សាហកម្ម រួមទាំងវិស័យវាយនភ័ណ្ឌនៅតែបន្ដទ្រទ្រង់
ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
លោករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ចាប់ពីឆ្នាំ២០១៦មក កម្ពុជាបាន ចាកចេញពីចំណាត់ថ្នាក់ ប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាប និងធ្វើសមាហរណកម្មពេញលេញទៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន ហើយស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងបន្តមានភាពល្អប្រសើរ និងអាចរក្សាបានចីរភាព សម្រាប់រយៈពេលខ្លី និងមធ្យម។ ជាងនេះទៅទៀតក៏បានសម្រេចបានកំណើន សេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលមួយទសវត្សកន្លងមក និងនៅតែបន្តមានកំណើនខ្ពស់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាជា សេដ្ឋកិច្ចខ្លាមួយថ្មីនៅតំបន់អាស៊ីយើងនេះ។
លោក ប៉ាន សូរស័ក្តិ ជឿជាក់ថា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តថ្មី ដែលជាមន្ត្រីនៅទីនេះស្រាប់ មានបទពិសោធន៍ការងារយូរឆ្នាំ គួបផ្សំនឹងសមត្ថភាពជំនាញ នឹងសម្រេចបាននូវលទ្ធផលការងារធំៗ ថ្មីៗ ជូនអង្គភាព ជូនខេត្ត និងក្រសួង ហើយទទួលបានការគាំទ្រពីមហាជន។ ក្រៅពីចំណងសាមគ្គីភាពផ្ទៃក្នុង ចំណុចសំខាន់មួយទៀត ដែលមិនអាចខ្វះបាន គឺត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អ ស្អិតរមួតជាមួយ គ្រប់ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលណែនាំរបស់ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង។
លោកបានបញ្ជាក់បន្ថែម ទៀតថា ប្រធានមន្ទីរពាណិជ្ជកម្មថ្មី ត្រូវចេះសម្របសម្រួលរាល់បញ្ហា ដែលមានទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ហើយចងចាំថាអ្វីៗទាំងអស់ គឺត្រូវតែយកបទដ្ឋានច្បាប់ធ្វើជាគោល។មិនតែប៉ុណ្ណោះត្រូវចេះប្រើប្រាស់ធនធានមនុស្សនៅជុំវិញខ្លួន ដោយមិនរើសអើង មិនប្រកាន់បក្សពួក ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់មន្ដ្រីរាជការក្រោមឱវាទ និងចេះផ្ដល់ឱកាសឲ្យសហការីរបស់ខ្លួន ចូលរួមបញ្ចេញមតិ ជួយយើងក្នុងការសម្រេចកិច្ចការ៕