(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ បានសម្រេចប្រកាសសាលដីការឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
សវនាការកាត់ទោស អ្នកស្រី ទេព វន្នី នៅថ្ងៃនេះ ដឹកនាំដោយលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានលោក សំរិទ្ធ សុផល, លោកស្រី ចាន់ ម៉ាឌីណា ជាសមាជិក។ ដោយឡែកមាន លោក សរ យសថាវរៈ ជាតំណាងមហាអយ្យការ ។
សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ៕