(ភ្នំពេញ)៖ ក្រោយទទួលបានផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រគល់សម្ភារៈប្រើប្រាស់ពាក់ព័ន្ធ នឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនមន្ដ្រីជំនាញនៅតាមបណ្ដាខេត្តនានា។
ឧបករណ៍ និងសម្ភារដែលលោក កៅ ខុនដារ៉ា ប្រគល់ជូននេះជាជំនួយបន្ថែម នៃគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ស្ដីពីត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ ដែលក្នុងនោះរូមមាន កុំព្យួទរ័លើតុចំនួន៧, អាគុយចំនួន៧, ម៉ាស៊ីនព្រីនធ័រចំនួន៧, ទូរសព្ទ័ និងទូរសារចំនួន៦, ទូកប្រដេញ០១, វិទ្យុទាក់ទងមេចំនួន៦, វិទ្យុទាក់ទងកាន់ដៃ៣០, ប្រដាប់ថតសម្លេងចំនួន៦, កាមេរ៉ាថតរូបចំនួន៦, កែវយិតមើលពេលយប់ថ្ងៃចំនួន៦, ទូរក្លាសេសារធាតុគីមីចំនួន១, តេស្តរកសារធាតុញៀន៥,០០០, តេសសារធាតុញៀនក្នុងទឹកមូត៥,០០០, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១៦។
លោកបានប្រគល់ជូនតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង កោះកុង ព្រះវិហារ ឧត្តរមានជ័យ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កែប កំពត កំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង រតនគីរី កំពង់ចាម ក្រចេះ ប៉ៃលិន។
ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានបញ្ជាក់ថា សម្ភារទាំងអស់នេះ គឺជាជំនួយពីក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក្នុងការរួមចំណែក ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយជាផ្នែកមួយ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ។
បន្ថែមពីនេះ លោកបានថ្លែងកោតសសើរដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំទប់ស្កាត់បទល្មើស គ្រឿងញៀនឆ្លងកាត់ព្រំដែន ដោយលោកនឹងជម្រុញការអនុវត្តគម្រោងភូមិស គ្មានគ្រឿងញៀន នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-ឡាវ កម្ពុជា-ថៃ ដើម្បីជាជញ្ជាំងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។
ជាមួយគ្នានេះ លោក កៅ ខុនដារ៉ា បានណែនាំដល់ស្ថាប័ន អង្គភាព អនុវត្តច្បាប់ ដែលទើបទទួលសម្ភារៈ ត្រូវខិតខំប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ព្រមទាំងទទួលខុសត្រូវ ក្នុងការថែរក្សាសម្ភារៈទាំងអស់នេះ ឲ្យបានយូរអង្វែង៕