(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីព្រះតេជគុណ ប៊ុន ប៊ុនតិញ បានមានសង្ឃដីកាថា ព្រះអង្គមិនពាក់ព័ន្ធនឹងការប្រមូលលុយ និងសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡីនោះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បណ្តាញព័ត៌មាន Fresh News បានទទួលលិខិតប្រគល់សិទ្ធិមួយ ដែលបង្ហាញថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ាង ងួនទៀង និងលោក មឿន តុលា គឺជាគណៈកម្មការដែលទទួលសិទ្ធិប្រមូលលុយ និងអនុវត្តគម្រោងសាងសង់ចេតិយជូន សពលោកបណ្ឌិត កែម ឡី។
លិខិតបែកធ្លាយនេះ ត្រូវបានបញ្ជូនមកដល់ការិយាល័យ Fresh News បន្ទាប់ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ បានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់ព្រះអង្គថា ព្រះអង្គមិនមែនជាសមាជិកគណៈកម្មការ និងគ្មានឈ្មោះក្នុងបញ្ចីគណៈកម្មការទេ។ ព្រះតេជគុណ បានសរសេរយ៉ាងដូច្នេះថា៖ «គណៈកម្មការ សាងសងចេតិយជាការងារដែលក្រុមគ្រួសារទទួលខុសត្រូវ ហើយមានឈ្មោះក្នុងបញ្ចីគណៈកម្មការដល់ទៅពីរទៀតផង តែគ្មានទេឈ្មោះភិក្ខុ ប៊ុត ប៊ុនតិញ។ សច្ចភាព និងភាពស្មោះត្រង់ និងបង្ហាញឱ្យអ្នកគោរពបណ្ឌិត កែម ឡី បានឃើញបន្តិចម្ដងៗ»។
ឯកសារកិច្ចព្រមព្រៀង បង្កើតគណៈកម្មការប្រមូលលុយ ដែលត្រូវបានទម្លាយនៅពេលនេះបានសរសេរថា៖ «លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ» បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយម្តាយរបស់ លោកកែម ឡី គឺលោកស្រី ភោគ សេ និងប្រពន្ធរបស់ លោក កែម ឡី គឺលោកស្រី ប៊ូ រចនា បានប្រគល់សិទ្ធិជូន ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ាង ងួនទៀង និង លោក មឿន តុលា ធ្វើជាតំណាងដោយអាណត្តិដើម្បីចាត់ចែងការងារ ពាក់ព័ន្ធនឹងសពរបស់ លោក កែម ឡី ចំនួន៥ចំណុចរួមមានដូចខាងក្រោម៖
១៖ រៀបចំគម្រោងសាសង់ «ចេតិយសពបណ្ឌិត កែម ឡី» ដែលមានទីតាំងនៅលើផ្នូរបច្ចុប្បន្ន»
២៖ រកមូលនិធិពីសប្បុរសជនជាតិ អន្តរជាតិដើម្បីសាងសង់ចេតិយ៍នេះ និងរៀបចំបុណ្យគម្រប់ខួប១០០ថ្ងៃ តាមទំនៀមទម្លាកប់ពុទ្ធសាសនា និងគ្រប់គ្រងចាត់ចែងថវិកា ដែលទទួលបានពីបុណ្យ១០០ថ្ងៃនេះ។ ក្នុងករណីដែលមានថវិកាសល់ពីការចំណាយបុណ្យ១០០ថ្ងៃនេះ គណៈកម្មការមានសិទ្ធិសម្រេចចាត់ចែងចំណាយធ្វើការងារនានាដែលគណៈកម្មការយល់ថា ជាការរំលឹកនិងចងចាំបណ្ឌិត កែម ឡី។ ក្នុងករណីដែលមានការខ្វះខាតសម្រាប់ចំណាយបុណ្យ១០០ថ្ងៃនេះ ខ្ញុំជាភរិយាបណ្ឌិត កែម ឡី ទទួលខុសត្រូវចំណាយ។
៣៖ ធ្វើសេចក្តីសម្រេចិត្តលើស្ថាបត្យកម្មសំណង់ចេតិយ ការរកចំណូលនិងចំណាយ និងបង្កើតគម្រោងក្នុងករណីមូលនិធិគម្រោងចេតិយនេះ នៅសល់។
៤៖ អនុវត្តគម្រោងសាងសង់នេះទាំងស្រុង រួមទាំងការរកអ្នកគូសប្លង់ រកជាងសាងសង់ និងការងារសម្ពោធចេតិយ។
៥៖ គណៈកម្មការនេះ មិនទទួលខុសត្រូវ និងមិនពាក់ព័ន្ធនឹងថវិកា ឬមូលនិធិទាំងឡាយក្រៅពីគម្រោងនេះឡើយ។
សូមបញ្ជាក់ថា ក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ព្រះតេជគុណ ប៊ុន ប៊ុនតិញ ក៏បានមានសង្ឃដីកាអះអាងដែរថា ព្រះតេជគុណមិនបានពាក់ព័ន្ធនឹងការសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡីនោះទេ ខណៈដែលក្រុមគ្រួសារសព កំពុងអំពាវនាវរកជំនួយថវិកានានា ដើម្បីសាងសង់ចេតិយនេះ។
ខាងក្រោមនេះជាលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ ដែលគ្រួសារបានប្រគល់សិទ្ធិជូនគណៈកម្មការ ដែលមានខ្លឹមសារដូចតទៅ៖