(ភ្នំពេញ)៖ ព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសប្រមូលស្នាមមេដៃព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីដាក់ពាក្យប្តឹង និងថ្កោលទោស លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយព្រះអង្គចាត់ទុកថា ប្រធានគណបក្សរូបនេះ បានប្រមាថដល់អង្គព្រះមហាក្សត្រ និងពុទ្ធសាសនា។
ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ បានមានសង្ឃដិកានៅក្នុងសន្និសីទកាសែតមួយថា កន្លងមកបុគ្គល ខឹម វាសនា បានធ្វើសកម្មភាពក្នុងគោលបំណងញុះញង់បំបែកបំបាក់ជាតិខ្មែរ ថែមទាំងមានចេនាបំផ្លាញព្រះពុទ្ធសានា ប្រមាថដល់អង្គព្រះមហាក្សត្រ ចង់បំបែករដ្ឋ បង្កើតប្រទេសសម័្ពន្ធ ប្រដូចជាសាសន៍ខ្មែរទៅនឹងសត្វឆ្កែ ដៀលពូជសាសន៍ខ្មែរថាជាពូជសាសន៍ថោកទាប និងសាបព្រោះវប្បធម៌ជេរប្រមាថ ជាសាធារណៈ។ល។
ក្រៅពីប្រមូលស្នាមេដៃនៅក្នុងស្រុក ព្រះតេជគុណ ហោ សុខុន ក៏មានសង្ឃដីកាបញ្ជាក់ដែរថា ព្រះអង្គនឹងប្រមូលស្នាមមេដៃ នៅបរទេសថែមទៀត ក្នុងនោះ មាននៅសហរដ្ឋអាមេរិក ប្រទេសអូស្រា្ដលី ប្រទេសបារាំង ប្រទេសកាណាថា ប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសញូហ្ស៊េលែន និងប្រទេសជប៉ុន។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក ខឹម វាសនា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បសុំប្រតិកម្ម បាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ៕