(ភ្នំពេញ)៖ ក្រុមការងាររបស់នាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំដោយ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ នៅតាមស្ថានីយ មួយចំនួននៅលើផ្លូវសហព័ន្ធរុស្សី ខណ្ឌសែនសុខ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។
ការត្រួតពិនិត្យនេះបានធ្វើឡើង ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនិងកន្លែង ដូចជា៖ ធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេង ដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញ គឺមានឧបករណ៍ Zx101xL និងZx101C សម្រាប់វាស់អុកតានប្រេងសាំង Super (95) និងRegular (92)។
ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ០៣កន្លែង នៅទីតាំងខាងលើនេះគឺ មានអនុលោមភាពលើផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈ ចំពោះថ្លៃប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូខាងលើ គឺដាក់លក់ត្រឹមត្រូវទៅតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។
លោក គឿន ភិរុណ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ ទូទាំងប្រទេសកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការ ជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការអនុវត្តន៍ច្បាប់។
លោកក៏បានផ្តល់នូវការយល់ដឹងដល់អ្នក ប្រើប្រាស់យានជំនិះទាំងអស់ ឲ្យពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មី ផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។
បន្ថែមពីនេះ ត្រូវពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ច មុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្ដើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រ ចុងក្រោយដែលបានស្នើ តាមដានសេចក្តីណែនាំ ថ្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម១៥ថ្ងៃម្តង និងត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចូលចាក់បំពេញក្នុងស្ថានីយ៍៕