(ភ្នំពេញ)៖ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ បានបើកកិច្ចប្រជុំពិនិត្យអំពីក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីរបស់លោកមេធាវី ពុធ ធាវី តាមលិខិតរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ លទ្ធផលនៃកិច្ចប្រជុំនេះ Fresh News នឹងផ្សព្វផ្សាយនៅពេលក្រោយ ។
គួរបញ្ជាក់ថា សាលាដំបូងខេត្តព្រះសីហនុ នាថ្មីៗនេះ បានដាក់លិខិតជូន ប្រធានគណៈមេធាវីកម្ពុជា ដោយស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌ វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែត ជំទាស់នឹងការសម្រេចរបស់ តុលាការនាពេលកន្លងទៅ។
ទោះជាយ៉ាងណា លោកមេធាវី ពុធ ធាវី អះអាងថា លោកបានពិនិត្យខ្លឹមសារលិខិតរបស់តុលាការខេត្តព្រះសីហនុ រួចហើយ ។ ហើយលោកពេញចិត្តនិងរីករាយ នឹងចូលបំភ្លឺជូនក្រុមប្រឹក្សាគណៈមេធាវី អំពីករណីនេះ។ លោកបានសង្កត់ធ្ងន់ថា គ្រាន់តែអន្តរាគមន៍ជូនកូនក្តីមានទោសដែរ យើងជាមេធាវីគួរលាលែងពីមេធាវី ទៅលក់ត្រីងៀត លក់គុយទាវតាមផ្សារវិញ។
បើតាមលិខិតរបស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទង្វើរបស់មេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសីទកាសែតសាធារណៈ ចោទប្រកាន់ និងវាយប្រហារមកលើស្ថាប័នតុលាការខេត្តព្រះសីហនុ ជុំវិញការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តីឈ្មោះ ឈន ផ្លុំ គឺបានបំពានលើការសំងាត់ វិជ្ជាជីវៈមេធាវី ដូចមានចែងក្នុងមាត្រា៧ នៃក្រមសីលធម៌មេធាវី និងចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា៣១៤ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ៕