(រតនគិរី)៖ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តរតនគិរី កើតឡើងចំនួន៦២លើក ស្លាប់ចំនួន២១នាក់ របួសធ្ងន់ចំនួន១០៨នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ មានការកើនឡើង។
នេះបើយោងតាមរបាយការណ៍របស់ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលធ្វើឡើងក្រោមអធិបតីភាព លោក យឹម ផែន អភិបាលខេត្តស្តីទី។
របាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០១៧នេះ បញ្ជាក់ថា ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ មានការកើនឡើង២១លើក មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ បង្កឡើងដោយការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង១៨%, មិនគោរពសិទ្ធិត្រង់ផ្លូវប្រសព្វ៣៨%, មិនប្រកាន់ស្តាំ ឬបត់ឆ្វេង ១២%, បើកបរលើសល្បឿន២៣% និងផ្សេងៗ០៩%។
ដើម្បីកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី បានដាក់ចេញនូវទិសដៅសំខាន់ៗ មួយចំនួនសម្រាប់ឆមាសទី២ ឆ្នាំ២០១៧ និងផ្តល់ជាសីលធម៌ចំនួន១០ចំណុចសម្រាប់អ្នកបើកបរផងដែរ៕