(ភ្នំពេញ)៖ ថវិកាដែលជារង្វាន់លើកទឹកចិត្ត ប្រមាណជាង៥៦ម៉ឺនដុល្លារ នឹងត្រូវប្រគល់ជូនអង្គភាព និងបុគ្គលដែលមានស្នាដៃ ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដែលមានរយៈពេល៦ខែ ដើមឆ្នាំនេះ, នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ។
ថ្លែងយ៉ាងដូច្នេះរបស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ លើកឡើងយ៉ាងដូច្នេះថា «ថវិកាដែលនឹងត្រូវផ្ដល់ជារង្វាន់ លើកទឹកចិត្តជូនអង្គភាព និងបុគ្គលដែលមានស្នាដៃ ក្នុងកិច្ចប្រតិបតិ្ដការបង្ក្រាប មានចំនួនសរុប ២,២៥០,៧៦៨,០០០រៀល ប្រមាណ ៥៦២,៦៩២ដុល្លារ ដែលថវិការង្វាន់លើកទឹកចិត្ត ដែលទទួលបាននេះ នឹងត្រូវបានបែងចែកតាមអត្រាកំណត់ជាភាគរយ និងផ្ដល់ជូនសមាសភាព សាមីអង្គភាពប្រតិបត្តិការចំនួន២០%, ម្ចាស់ករណីចំនួន៣០%, បញ្ជាការករណីចំនួន១០%, អង្គភាពសហការចំនួន៣០% និងភា្នក់ងារផ្ដល់ព័ត៌មាន១០%»។
អគ្គស្នងការរងនគរជាតិរូបនេះ បញ្ជាក់ថា ថវិកាទាំងអស់នេះ នឹងត្រូវផ្ដលទៅអង្គភាពចំនួន៣២ ក្នុងនោះអង្គភាពចំនួន១២ បង្ក្រាបបានពី១គីឡូក្រាមឡើងទៅ និងអង្គភាពចំនួន២០ បង្ក្រាបបានពី១០០ក្រាមឡើងទៅ ដើម្បីយកទៅចែកជូនដល់មន្ដ្រីចំនួន៩៣៣នាក់ មកពីអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត និងស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួន ដែលបានសហការជាមួយ កងកម្លាំងប្រតិបត្តិច្បាប់។
សូមជម្រាបថា តាមរបាយការណ៍ដែលបង្ហាញ បានឲ្យដឹងថា ចំពោះលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៤៣៣១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩៦៩៤នាក់ និងចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ជិត១២០គីឡូក្រាម ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនទៀត។ ដោយឡែកក្នុងនោះ បានបង្ក្រាបចាប់ខ្លួនមេក្លោង ជួញដូរគ្រឿងញៀនធំៗចំនួន១៣ករណី៕