(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលស្រុកស្នួល ខេត្តក្រចេះ បានចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឺកភ្លៀងចំនួន១០៧គ្រួសារ នៅចំណុច ប៉ោដើមចេក ប៉ោដើមស្វាយអូរផ្លាស់កាំ ក្នុងភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ។
មន្រ្តីសាលាស្រុកស្នួល បានឲ្យដឹងថា ពលរដ្ឋដែលលិចផ្ទះចំនួន១០៧ខ្នង និងផលដំណាំរួមមាន៖ ស្រូវ ដំឡូង ស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងៗទៀត ប្រហែលជាង១០០ហិចតា ហើយកម្លាំងសមត្ថកិច្ចស្រុក បានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពអស់ហើយ។
ដោយឡែកចំពោះស្ថានភាពទឹកទន្លេមេគង្គវិញ លោក ហេង រត្ន័ម៉ូលីដា ប្រធានមន្ទីរធនធានទឹកខេត្តក្រចេះ បានបញ្ជាក់ថា កំពស់ទឹកទន្លេមេគង្គ នៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ កើនឡើងដល់២០,៥៥មែត្រ ហើយចំណុចប្រកាសអាសន្នកំពស់ទឹកត្រឹម២៣ម៉ែត្រ។ លោកបន្តថា ស្រុកជាប់មាត់ទន្លេប្រឈមការលិចលង់ ដូចជាស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងក្រុងក្រចេះ។
លោកប្រធានមន្ទីរបន្ដទៀតថា ស្ថានភាពទឹក និងអាចឡើងដល់កំពស់២៣ម៉ែត្រ ជាកម្រិតប្រកាសអាសន្ន នៅថ្ងៃទី៣០ ខែកក្កដាខាងមុខ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់៕