(កំពង់ធំ)៖ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះជួបមន្ត្រីខេត្តកំពង់ធំ ប្រជុំបូកសរុបលទ្ធផលគ្រោះមហន្តរាយក្នុងឆមាសទី១ និងបានផ្តល់អំណោយមួយចំនួន ជូនដល់មន្ត្រីខេត្ត ដើម្បីត្រៀមទុកជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ និងគ្រោះមហន្តរាយ ខណៈមានភ្លៀងធ្លាក់ច្រើននៅតាមតំបន់មួយចំនួន។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល គ្រោះមហន្តរាយក្នុងឆមាសទី១ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានផ្ដល់អំណោយជូនមន្ត្រីខេត្តនូវ អង្គរចំនួន៣០០ការ៉ុង និងមី៣០០កេះតូច ដើម្បីតៀមទុកសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងបន្ទាន់ភ្លាមៗផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានប្រកាសជូនពលរដ្ឋឲ្យបានជ្រាបអំពីស្ថានភាពទឹកភ្លៀង នៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃ នៅទូទាំងភូមិឃុំស្រុកក្រុង ក្នុងខេត្តកំពង់ធំ ដែលបានបង្កឲ្យភូមិមួយចំនួនស្ថិតនៅតាមដងទន្លេដូចជាទន្លេមេគង្គ ,ទន្លេសេគង្គ, ទន្លេសេសាន ទន្លេស្រែពក នឹងនៅតាមដៃរអូធំៗ ប្រឈមការជន់លិច ហើយប្រជាពលរដ្ឋអាច នឹងទៅរកទីទួលដែលខ្ពស់ៗ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។
ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕