(ភ្នំពេញ)៖ លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំពិធីដ៏ធំមួយ ដើម្បីទទួលសមាជិកជាន់ខ្ពស់មកពីគណបក្សខ្មែររួបរួមជាតិ នៅដើមខែសីហា ខាងមុខនេះ ក្រោយពេលសម្តេចក្រុមព្រះយាងត្រឡប់ពីបរទេសវិញ។
លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកជាន់ខ្ពស់ មកពីគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ជាង២០នាក់ ក្នុងនោះមានទាំងអគ្គលេខាធិការផង បានមកចុះចូលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលចំនួននេះ មិនទាន់រាប់បញ្ចូលទាំងសមាជិក នៅតាមមូលដ្ឋាន ក្នុងខេត្តនីមួយៗ នៅឡើយទេ។
ការចុះចូលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ សមាជិកជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលដកតំណែង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងសមាជិកគណបក្សនេះជាច្រើនទៀត នៅក្នុងជួររាជរដ្ឋាភិបាល បន្ទាប់ពីមានព័ត៌មានថា មេដឹកនាំបក្សនេះ បានទាក់ទង ទៅគណបក្សប្រឆាំង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា គណបក្សកាន់អំណាច បានសម្រេចផ្តាច់ទំនាក់ទំនងជាមួយ គណបក្សខ្មែររួបរួមជាតិហើយ ព្រោះតែមេដឹកនាំគណបក្សនេះទាក់ទងគណបក្សប្រឆាំង។ លោកបានព្រមានថា សមាជិករបស់ គណបក្សខ្មែររួបរួមជាតិទាំងអស់ ដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល នឹងត្រូវដកចេញពីតំណែងជាបន្តបន្ទាប់ដែរ៕